ឧបនាយករដ្ឋមន្ត្រី ស សុខា ចុះចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៦០គ្រួសារ នៅស្រុកថ្មគោល

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសង្គ្រោះជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៦០គ្រួសារ ស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងបានចុះស្វែងយល់ផ្ទាល់ពីស្ថានភាពជីវភាព និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ ត្រៀមលក្ខណៈអន្តរាគមន៍ជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងធានាឱ្យបាននូវការផ្គត់ផ្គង់ស្បៀង ថ្នាំសង្កូវ មិនឱ្យពលរដ្ឋណាម្នាក់រងការខ្វះខាតឡើយ។

គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងដែលកំពុងប៉ះពាល់ដល់ស្រុកថ្មគោល និងតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង គឺស្របពេលដែលស្ថានភាពកម្ពស់ទឹកតាមដងស្ទឹង និងអាងទន្លេសាបកំពុងកើនឡើងគួរឱ្យកត់សម្គាល់។

យោងតាមរបាយការណ៍ស្ដីពី «ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប» ដែលចេញផ្សាយដោយអាជ្ញាធរទន្លេសាប នាថ្ងៃទី២៩ ខែកញ្ញា បានបង្ហាញថា ស្ទឹងសង្កែ (ទីរួមខេត្តបាត់ដំបង) កម្ពស់ទឹកបានឡើងដល់ ១៣,៩២ ម៉ែត្រ ខណៈស្ទឹងសង្កែ (សំណង់សាលាតាអន) មានកម្ពស់ទឹក ៧,៨០ ម៉ែត្រ៕