នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោក Sergey LUKASHEVICH អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋបេឡារុស នៅទីក្រុងមីនស្កិ៍ ប្រទេសបេឡារុស។

យោងតាមការផ្សាយរបស់ក្រសួងការបរទេស នៅថ្ងៃទី៤ ខែតុលានេះ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ជុំវិញការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ព្រមទាំងបានចែករំលែកនូវគំនិត និងវិធីសាស្ត្រនានា ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងការតភ្ជាប់ និងគាំទ្រដល់វិស័យឯកជនឱ្យកាន់តែប្រសើរឡើង ក្នុងគោលដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
សូមបញ្ជាក់ថា ជំនួបពិភាក្សានេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចការងាររបស់ លោក ទី នីតូរ្យ នៅប្រទេសបេឡារុស ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ព្រមទាំងប្រមូលធាតុចូលជាក់ស្តែងសម្រាប់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា៕



