លោកអ្នកឧកញ៉ា លី ហួរ ឧបត្ថម្ភគ្រែសង្គ្រោះបន្ទាន់កុមារ ចំនួន៥គ្រែ សរុបថវិកា ១០,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងជា ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប បានចូលរួមឧបត្ថម្ភ គ្រែសង្គ្រោះបន្ទាន់កុមារ ចំនួន ៥គ្រែ ស្មើនឹងទឹកប្រាក់សរុបចំនួន ១០,០០០ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញឱ្យដឹងលើបណ្តាញសង្គម​ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានដាក់ឈ្មោះតាមព្រះនាមព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម គន្ធបុប្ផា ដែលជាព្រះរាជធីតាទី៨ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ មន្ទីរពេទ្យគន្ធបុប្ផាទី១ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ ក្រោមព្រះរាជបញ្ជាពីព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។ បន្ទាប់ពីសង្គ្រាម លោកបណ្ឌិត បេអាត រិចឆ្នឺ (Beat Richner) ត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យជួយជួសជុលមន្ទីរពេទ្យដែលរងការបំផ្លិចបំផ្លាញ ហើយលោកបានបង្កើតមូលនិធិគន្ធបុប្ផា នៅប្រទេសស្វីសនៅឆ្នាំ១៩៩២ ដើម្បីជួសជុល និងដាក់ឱ្យដំណើរការមន្ទីរពេទ្យឡើងវិញនៅឆ្នាំ១៩៩១។ មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យសប្បុរសធម៌ និងជាមន្ទីរពេទ្យកុមារថ្នាក់ជាតិដ៏ធំមួយនៅកម្ពុជា ដែលផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង។

គួររំឭកថា កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា ក៏បានដឹកនាំសមាជិក-សមាជិកា យកថវិកាបរិច្ចាគឧបត្ថម្ភជូន មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដែលជាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងពោរពេញដោយស្មារតីសប្បុរសធម៌ ដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះ​អាយុជីវិត និងថែទាំសុខភាពកុមារកម្ពុជា រាប់លាននាក់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដូច្នេះការចូលរួម​របស់យើងម្នាក់ បន្តិចៗ នឹងក្លាយជាកម្លាំងដ៏ធំមួយ ដើម្បីធានាថា មន្ទីរពេទ្យនៅតែអាចបន្តបេសកកម្ម​ដ៏ឧត្តុង្គឧត្តម​នេះបាន។ ការចូលបរិច្ចាគថវិកាតិចឬច្រើន បានបង្ហាញឱ្យឃើញថា ការចែករំលែកមិនស្ថិតនៅលើទំហំទឹក​ប្រាក់​នោះទេ ប៉ុន្តែស្ថិតនៅលើទឹកចិត្ត និងការចូលរួមរបស់មនុស្សគ្រប់រូប៕