គណៈប្រតិភូចិន បង្ហាញពីបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-ចិនឱ្យកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូទីក្រុង ចាវឈីង (Zhaoqing) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Liu Jingbo សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអភិបាលរងទីក្រុង ចាវឈីង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលទីក្រុង ព្រមទាំងតំណាងក្រុមហ៊ុនឯកជនចំនួន ២៣ក្រុមហ៊ុន កាលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Liu Jingbo ប្រធានគណៈប្រតិភូ ថានឹងបន្តពង្រឹកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការជំរុញវិនិយោគរវាងទីក្រុង ចាងឈីង និងកម្ពុជា។ លោក បានជម្រាបជូនពីឧត្តមភាពប្រកួតប្រជែងរបស់ទីក្រុង ចាវឈីង ក្នុងវិស័យមួយចំនួនដូចជា ឧស្សាហកម្មយានយន្ត ឧស្សាហកម្មស៊ីម៉ង់ត៍ ការផលិតគ្រឿងអេឡិចត្រូនិក ការកែច្នៃកសិផលនិងម្ហូបអាហារ។

បន្ទាប់ពីមតិរបស់លោក Liu Jingbo តំណាងក្រុមហ៊ុនឯកជនមកពីទីក្រុង ចាវឈីង បានលើកឡើងនូវការកត់សម្គាល់ឃើញពីការខិតខំកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនីផងដែរ។ ទន្ទឹមនេះ តំណាងក្រុមហ៊ុនឯកជនមួយចំនួនក៏បានបង្ហាញពីបំណងបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតថ្នាំលាប និងរោងចក្រផលិតដែកអ៊ីណុកនិងសម្ភារៈសំណង់ នៅកម្ពុជា ហើយបានស្នើសុំការគាំទ្រគម្រោងវិនិយោគរបស់ខ្លួនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា។

តាមរយៈជំនួបខាងលើ CDC ក៏បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិនគឺជាប្រភពទុនវិនិយោគបរទេសដ៏សំខាន់ និងជាដៃគូវិនិយោគដ៏ធំរបស់កម្ពុជា។ ជាក់ស្តែង វិនិយោគិនចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម ដូចជា ការផលិតសំបកកង់រថយន្ត ការផលិតគ្រឿងបង្គុំអេឡិចត្រូនិកនិងអគ្គិសនី គ្រឿងសង្ហារិម និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម៕អត្ថបទ៖ហ្សាលីន