ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី និងអបអរខួប ១០ឆ្នាំ អង្គរមីល ខណៈក្រុមហ៊ុនប្រកាសបន្តវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

(ត្បូងឃ្មុំ)៖ ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំ នៃវត្តមានផលិតផលទឹកដោះគោជាតិលើទឹកដីកម្ពុជា ក្រុមហ៊ុន Angkor Dairy Products Co., Ltd. (AngkorMilk) បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ប្រគល់ជូនសាលាបឋមសិក្សាគ្រញូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះត្រូវបានរៀបចំឡើងមិនត្រឹមតែដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅតាមសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសមិទ្ធផលដ៏រឹងមាំរបស់ AngkorMilk ក្នុងនាមជារោងចក្រផលិតទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានបម្រើទីផ្សារអស់រយៈពេលមួយទសវត្សរ៍កន្លងមក។

លោកនាយកប្រតិបត្តិក្រុមហ៊ុន AngkorMilk បានថ្លែងគូសបញ្ជាក់ក្នុងពិធីថា៖ រយៈពេល ១០ឆ្នាំមកនេះ វត្តមានរបស់ AngkorMilk នៅកម្ពុជា គឺផ្តោតលើបេសកកម្មចម្បងតែមួយគត់ គឺការធានាឱ្យបាននូវការផ្គត់ផ្គង់ផលិតផលទឹកដោះគោប្រកបដោយសុវត្ថិភាព គុណភាព និងអាហារូបត្ថម្ភខ្ពស់បំផុតជូនដល់ប្រជាពលរដ្ឋ។ ការប្រគល់អគារសិក្សាថ្មីនេះ គឺជាការតបស្នងត្រឡប់ទៅសង្គមវិញ ព្រោះក្រុមហ៊ុនជឿជាក់ថាកុមារគឺជាអនាគត និងជាអ្នកដឹកនាំប្រទេសជាតិនៅថ្ងៃក្រោយ។

បើតាមរបាយការណ៍សង្ខេបរបស់ក្រុមហ៊ុន ក្នុងដំណើរការអាជីវកម្ម ១០ឆ្នាំកន្លងមក AngkorMilk សម្រេចបាននូវសសរស្តម្ភសំខាន់ៗរួមមាន៖

  • ការរួមចំណែកថវិកាជាតិ៖ បានបង់ពន្ធគ្រប់ប្រភេទចូលថវិការដ្ឋសរុបប្រមាណ ៨២ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ។
  • ការបង្កើតការងារ និងជំនាញ៖ ផ្តល់ការងារផ្ទាល់ដល់បុគ្គលិកកម្ពុជាជាង ៦០០នាក់ និងបាន              បណ្តុះបណ្តាលផ្ទេរជំនាញបច្ចេកវិទ្យាផលិតកម្មចំណីអាហារទំនើបស្របតាមស្តង់ដារសកល។
  • ខ្សែច្រវ៉ាក់សេដ្ឋកិច្ចទូទាំងប្រទេស៖ គាំទ្រអាជីវករ ចែកចាយបន្ត ដុំ និងរាយជាង ៥០,០០០             អាជីវកម្ម និងមានអ្នកទទួលទានផលិតផលជាង ៣លាននាក់ក្នុងមួយឆ្នាំៗ។
  • បច្ចេកវិទ្យា និងស្តង់ដារ៖ រោងចក្រដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ (RPPSEZ) ដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិបច្ចេកវិទ្យាចុងក្រោយពីអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិកម្រិតខ្ពស់ដូចជា ISO, FSSC 22000, HACCP និង GMP។

ការបោះជំហានទៅមុខ៖ វិនិយោគកសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើប

ឈានចូលទសវត្សរ៍ថ្មីនេះ AngkorMilk បានប្រកាសជាផ្លូវការនូវគម្រោងបន្តវិនិយោគបង្កើត កសិដ្ឋានចិញ្ចឹមគោយកទឹកដោះកម្រិតស្តង់ដារខ្ពស់ និងទំនើបនៅកម្ពុជា ដែលជាគម្រោងទទួលបានការលើកទឹកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ គម្រោងនេះនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញវិស័យកសិ-ឧស្សាហកម្មកម្ពុជា ផ្ទេរបច្ចេកទេសចិញ្ចឹមគោយកទឹកដោះពិតប្រាកដដល់កសិករ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។

ពិធីសម្ពោធត្រូវបានបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាល និងរីករាយជាទីបំផុត ដោយគណៈអធិបតី និងតំណាងក្រុមហ៊ុន បានប្រគល់អគារសិក្សា សម្ភារសិក្សា និងផលិតផលទឹកដោះគោជូនដល់សិស្សានុសិស្ស ព្រមទាំងប្តេជ្ញាបន្តសកម្មភាពគាំទ្រសង្គមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្រោមទស្សនវិស័យ «ខ្មែរជួយខ្មែរ» និងការអភិវឌ្ឍប្រកបដោយចីរភាព៕