កម្ពុជាបានលើកឡើងពីអាទិភាពចំនួន ៣ សម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ តាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី ១៦ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីន (PICC)។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំអាស៊ាន និងឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការដឹកនាំរបស់ឯកឧត្តមអគ្គលេខាធិការ និងបានសង្កត់ធ្ងន់លើអាទិភាពទាំង ៣ រួមមាន៖ ១. ការពង្រឹងសន្តិភាពតាមរយៈការទូតបង្ការ និងការគោរពច្បាប់អន្តរជាតិ ដោយផ្អែកលើបទពិសោធកម្ពុជាដែលធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាព UN មកជាអ្នកចូលរួមរក្សាសន្តិភាពពិភពលោកវិញ ២. ការបំប្លែងការប្តេជ្ញាចិត្តលើការអភិវឌ្ឍប្រកបដោយចីរភាពទៅជាផលប្រយោជន៍ជាក់ស្តែង តាមរយៈហិរញ្ញប្បទាន បច្ចេកវិទ្យា និងធនធានមនុស្ស និង ៣. ការកសាងភាពធន់រួមប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការគំរាមកំហែងសុខភាព។
កិច្ចប្រជុំដែលរៀបចំឡើងក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ ក្រោមម្ចាស់ផ្ទះហ្វីលីពីននេះ បានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការ និងទិសដៅអនាគត ដោយហ្វីលីពីនក្នុងនាមប្រទេសសម្របសម្រួលបានថ្លែងសេចក្តីថ្លែងការណ៍រួមអាស៊ាន មុនពេលប្រទេសសមាជិកថ្លែងសេចក្តីថ្លែងការណ៍ជាតិរៀងៗខ្លួន។ កិច្ចប្រជុំនេះបានរួមចំណែកពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ គាំទ្រពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព៕







