នាព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី ច័ន្ទ តារា ដែលបានពលីជីវិតក្នុងសមរភូមិនៅភ្នំទ្រព្យក្នុងបុព្វហេតុការពារបូរណភាពទឹកដីតទល់នឹងកងទ័ពឈ្លានពានសៀម។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា អ៊ាន អេឡែន បានពាំនាំនូវសារចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជា ជូនក្រុមគ្រួសារ នៃសពនៅឯស្រុកកំណើតដែលស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
មរណភាពរបស់ អនុសេនីយ៍ត្រី ច័ន្ទ តារា គឺជាការបាត់បង់នូវយោធិនដ៏អង់អាចក្លាហានដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុតនៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី។
វីរភាពរបស់លោកនឹងស្ថិតក្នុងការចងចាំក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូបគ្មានថ្ងៃបំភ្លេចបានហើយកេរ្តិ៍ឈ្មោះរបស់លោកនឹងត្រូវបានចារទុកនៅក្នុងប្រវត្តិសាស្ត្រជាតិ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អនុសេនីយ៍ត្រី ច័ន្ទ តារា សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕









