ហេតុអ្វីមហាសេដ្ឋីកំពូលៗរបស់អាមេរិក សម្រុកនាំគ្នាបំពេញទស្សនកិច្ចនៅប្រទេសចិន?

អន្តរជាតិ

អស់រយ:ពេលបីឆ្នាំដែលចិនបានដាក់ចេញច្បាប់រឹតបន្តឹងខ្លាំងក្លាបំផុតចំពោះបញ្ហាជំងឺកូវីដ-១៩ នៅទីបំផុតប្រទេសអំណាចសេដ្ឋកិច្ចមួយនេះចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ។ ខណ:បណ្តាមេធំក្រុមហ៊ុនកំពូលៗជាច្រើន នៅសហរដ្ឋអាមេរិក និងក្រុមហ៊ុននៅប្រទេសលោកខាងលិចផ្សេងទៀត បានធ្វើដំណើរមកកាន់ប្រទេសចិនជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ២០២៣មក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេលថ្មីៗនេះ សហស្ថាបនិកក្រុមហ៊ុន Microsoft មហាសេដ្ឋី Bill Gates ក៏បានធ្វើដំណើរមកកាន់ប្រទេសចិនផងដែរដើម្បីទស្សនកិច្ចសិក្សាអំពីបរិយាកាសធុរកិច្ច បន្ទាប់ពីប្រធានក្រុមហ៊ុន Apple លោក Tim Cook និងម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla មហាសេដ្ឋី Elon Musk ។ ប៉ុន្តែដោយខុសពីមហាសេដ្ឋីអាមេរិកផ្សេងៗ លោក Bill Gates ហាក់ត្រូវបានប្រធានាធិបតីចិន លោក Xi Jinping ទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត កាលពីថ្ងៃសុក្រ ទី ១៦ ខែមិថុនាកន្លងទៅ ខណ:ដែលលោកត្រូវបានចាត់ទុកថា ជាអ្នកជំនួញអាមរិកដំបូងគេ ដែលមេដឹកនាំប្រទេសចិន ផ្តល់កិត្តិយសជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង ចាប់តាំងពីផ្ទុះកូវីដ-១៩ នៅចុងឆ្នាំ ២០១៩ មក ។

អំឡុងជំនួបនោះ លោក Bill Gates បានបង្ហើបឱ្យដឹងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីចិន អំពីបញ្ហាមួយចំនួន ដែលពិភពលោកកំពុងប្រឈមមុខសព្វថ្ងៃ ជាពិសេសទៅលើវិសមភាពផ្នែកសុខភាព និងបម្រែបម្រួលអាកាសធាតុ ជាដើម។ ជាមួយគ្នានៃការទៅដល់ប្រទេសចិននេះ សហស្ថាបនិករបស់ក្រុមហ៊ុន Microsoft ត្រូវដើរតួក្នុងនាមជាប្រធានមូលនិធិផ្ទាល់ខ្លួនមួយ ដែលលោកបានបង្កើតឡើង កាលពីក្នុងឆ្នាំ ២០០០ ដើម្បីជួបជាមួយដៃគូមូលនិធិរបស់ខ្លួន ផ្សេងៗទៀត ។

យ៉ាងណាក៏ដោយ មិនមែនមានតែលោក Bill Gates ប៉ុណ្ណោះទេ ដោយក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយ នៃឆ្នាំ ២០២៣ នេះ មានមហាសេដ្ឋីអាមេរិកមួយចំនួនទៀត ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ផងដែរ ។ ដោយកាលពីខែមីនាកន្លងទៅ ប្រធានក្រុមហ៊ុន Apple លោក Tim Cook ក៏បានទៅដល់ចិន ផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងបន្ថែមទៀត ជាមួយប្រទេសនេះ ដែលជាកន្លែង Apple មានរោងចក្រផលិតទូរស័ព្ទ iPhone ធំជាងគេ ។

ទន្ទឹមនឹងនេះ ស្ថាបនិបក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk ក៏បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងផងដែរ កាលពីចុងខែឧសភាកន្លងទៅ ដើម្បីនិយាយអំពីទំនាក់ទំនងរវាងក្រុមហ៊ុនរបស់ខ្លួន ជាមួយភាគីប្រទេសចិនដូចគ្នា និងថែមទាំងបានសង្កត់ធ្ងន់ទៀតថា ផលប្រយោជន៍រវាងសហរដ្ឋអាមេរិក និងចិន គឺតែងជាប់ទាក់ទងគ្នាជានិច្ច ដោយមិនអាចកាត់ផ្តាច់បាននោះឡើយ ។

ជម្រាបជូនផងដែរថា មេធំក្រុមហ៊ុនអាមេរិកទាំងប៉ុន្មានរូប ដែលបានរៀបរាប់ខាងលើនេះ បានធ្វើដំណើរទៅកាន់ប្រទេសចិន ជាបន្តបន្ទាប់ នៅឆ្នាំនេះ បើទោះបីជាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងអាមេរិក ហាក់កំពុងតែកើនឡើងកម្តៅខ្លាំងក៏ដោយ។ ហើយបើតាមការអ្នកវិភាគ បានបង្ហាញថា អ្នកជំនួញរបស់អាមេរិក គិតថាភាពរកាំរកូសនេះ អាចនឹងផ្តល់ផលប៉ះពាល់ខ្លាំង ទៅដល់អាជីវកម្មរបស់ខ្លួន ដូច្នេះហើយទើបក្រុមហ៊ុនអាមេរិក ព្យាយាមរក្សាទំនាក់ទំនងរបស់ពួកគេ ដោយមិនចង់បាត់បង់ចិន ដែលជាដៃគូធំបំផុតមួយ សម្រាប់ការនាំចេញទំនិញរបស់អាមេរិក នោះឡើយ ៕