Bill Gates៖ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ គ្រប់គ្នានឹងមានមនុស្សយន្តចាំជំនួសដៃជើង

អន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Bill Gates បានបង្ហើបពីការយល់ឃើញរបស់លោកថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ វិស័យបច្ចេកវិទ្យា នឹងជះឥទ្ធិពលខ្លាំងទៅលើមនុស្សលោក ពោលគ្រប់គ្នាអាចនឹង​មានមនុស្សយន្តផ្ទាល់ខ្លួនយ៉ាងហោចណាស់មួយ ទុកគ្រាន់ធ្វើការជំនួសដៃជើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហស្ថាបនិកក្រុមហ៊ុន Microsoft បានអះអាងថា បច្ចេកវិទ្យាសព្វថ្ងៃនេះនៅមានចន្លោះប្រហោង ប៉ុន្តែការផ្លាស់ប្ដូរ នឹងកើតឡើងនាពេលឆាប់ៗខាងមុខ ដោយសារតែការរកឃើញនូវបច្ចេកវិទ្យា​បញ្ញានិមិត្ត (AI) និងការបង្កើតថ្មីនានា។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Audacy។

បន្ថែមពីនោះ មហាសេដ្ឋីអាមេរិកម្នាក់នេះ ក៏បានចាត់ទុកថា ជំនួយការមនុស្សយន្តនាថ្ងៃអនាគត គឺប្រៀបដូចជា ភ្នាក់ងារមួយដែលអាចឆ្លើយតបរាល់តម្រូវការរបស់មនុស្ស និងអាចយល់ច្បាស់​ពីអ្វីដែលមនុស្សចង់បាន ខណៈការលើកឡើងបែបនេះ គឺស្រដៀងទៅនឹងអ្វីដែលលោកធ្លាប់​បានសរសេរ​តាំងពីឆ្នាំ១៩៩៥។

សូមជម្រាបជូនដែរថា តាំងពីការរកឃើញបច្ចេកវិទ្យាបញ្ញានិមិត្ត (AI) វាបានជះឥទ្ធិពលខ្លាំង ដល់​សង្គមសព្វថ្ងៃ មិនថាតែលើវិស័យអប់រំឡើយ សូម្បីតែសេដ្ឋកិច្ចសកលក៏មានការ​ពឹងផ្អែក​ខ្លាំងលើ​វាផងដែរ។

តួយ៉ាង ធនាគារកណ្ដាលរបស់អាមេរិកធ្លាប់បានព្យាករណ៍ថា ប្រាក់ចំណូលសកលអាចនឹងកើនឡើង ១៩% ដល់ចំនួន ៩០០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៦ ដោយសារបច្ចេកវិទ្យា AI ខណៈមានការសន្និដ្ឋានខ្លះទៀតថា AI នឹងរួមចំណែកច្រើនជាង ១៥ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចសកល នៅក្នុងឆ្នាំ២០៣០៕