ហ្វីលីពីន អនុម័តកញ្ចប់ថវិកាបំបែកកំណត់ត្រាជាង ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ខាងមុខ

អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. កាលពីថ្ងៃទី២០ ខែធ្នូកន្លងទៅ បានចុះហត្ថលេខាលើកញ្ចប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២៤ ដែលមានតម្លៃជាង ៥,៧ទ្រីលានប៉េសូ (១០៣,៣ពាន់លានដុល្លារ) ដែលក្នុងនោះរួមបញ្ចូលទាំងផែនការដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការអនុម័តទៅលើកញ្ចប់ថវិកាថ្មីនេះ គឺមានចំនួនច្រើនជាងជិត ១០% ពីថវិកាដែលត្រូវបានអនុម័តកាលពីឆ្នាំ ២០២៣ កន្លងទៅ និងជាចំនួនដ៏ខ្ពស់បំផុតមិនធ្លាប់មានពីមុនមកផងដែរ។

នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីការចុះហត្ថលេខាលើកញ្ចប់ថវិកានេះ លោក Marcos បាននិយាយថា រដ្ឋាភិបាលរបស់លោក បានធ្វើការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះអភិបាលកិច្ចល្អ និងចំណាយទៅលើថវិកានេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

យ៉ាងក៏ដោយ រដ្ឋាភិបាលហ្វីលីពីនមិនទាន់បានប្រកាសលម្អិតអំពីការបែងចែកចំពោះថវិកានេះនៅឡើយទេ ប៉ុន្តែយោងតាមរដ្ឋធម្មនុញ្ញ ការចំណាយលើវិស័យអប់រំ គឺត្រូវបានចាត់ទុកថាជាគោលដៅ​អាទិភាព​មួយ។

ទន្ទឹមនេះ ក្រុមអ្នកវិភាគបានធ្វើការព្យាករថា ហ្វីលីពីននឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើននៅឆ្នាំ២០២៤ ខាងមុខ ជាពិសេសទៅលើបាតុភូតគ្រោះរាំងស្ងួត El Ninoដោយវានឹងកាត់បន្ថយទិន្នផលកសិកម្មរបស់ប្រទេសយ៉ាងច្រើន។

ជម្រាបជូនផងដែរថា​ សម្រាប់ថវិកាជាតិដែលត្រូវបានស្នើឡើងនៅក្នុងឆ្នាំ ២០២៥ វិញ រដ្ឋាភិបាលហ្វីលីពីនបានកំណត់យកចំនួនរហូតដល់ទៅ ៦,១២ទ្រីលានប៉េសូ (១១០ពាន់លានដុល្លារ) ឯណោះ ៕