EU ផាកលុយ TikTok ៦០០លានដុល្លារ ក្រោមការចោទប្រកាន់ផ្ទេរទិន្នន័យទៅឲ្យចិន

អន្តរជាតិ

កម្មវិធីបណ្តាញសង្គមដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក TikTok ត្រូវបានរងការផាកពិន័យពីសហភាពអឺរ៉ុប (EU) នៅក្នុងជំនួនទឹកប្រាក់រហូតដល់ ៥៣០លានអឺរ៉ូ (៦០០លានដុល្លារ) កាលពីសប្តាហ៍មុន ដោយចោទប្រកាន់ថាបានបញ្ជូនទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អឺរ៉ុប ទៅកាន់ប្រទេសចិន និងបរាជ័យក្នុងការធានាបានថា ទិន្នន័យទាំងនោះត្រូវបានការពារពីការចូលប្រើប្រាស់ដោយអាជ្ញាធរចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្សដែលគ្រប់គ្រងដោយចិន និងកំពុងស្ថិតនៅក្នុងរឿងចម្រូងចម្រាស់ជាមួយសហរដ្ឋអាមេរិកផងនោះ បានទទួលស្គាល់ក្នុងអំឡុងពេលស៊ើបអង្កេតថា ខ្លួនបានរៀបចំទិន្នន័យរបស់អ្នកប្រើប្រាស់អឺរ៉ុបនៅក្នុងប្រទេសចិន ផ្ទុយពីការចេញមុខបដិសេធកាលពីពេលមុន។ នេះបើយោងតាមអង្គការឃ្លាំមើលទិន្នន័យរបស់ប្រទេសអៀរឡង់។

គួរឲ្យដឹងថាការផាកពិន័យដ៏ធំបំផុតមួយដែលមិនធ្លាប់មានដោយអាជ្ញាធរអឺរ៉ុបនេះ គឺត្រូវបានបានអនុវត្តតាមការស៊ើបអង្កេតលើភាពស្របច្បាប់នៃការផ្ទេរទិន្នន័យធ្វើឡើងដោយ TikTok ។

នៅឆ្នាំ២០២៣ គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់ (DPC) បានពិន័យ TikTok ដែលមានអ្នកប្រើប្រាស់ ១,៥ ពាន់លាននាក់នៅទូទាំងពិភពលោក ជាទឹកប្រាក់ប្រមាណ ៣៤៥ លានអឺរ៉ូ សម្រាប់ការបំពានច្បាប់អឺរ៉ុបស្តីពីដំណើរការទិន្នន័យលើកុមារ។

ជម្រាបជូនផងដែរថា ដោយសារ TikTok ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ByteDance មានទីស្នាក់ការកណ្តាលអឺរ៉ុប នៅក្នុងប្រទេសអៀរឡង់ ដូច្នេះមានន័យថាអាជ្ញាធរអៀរឡង់ គឺជានិយតករនាំមុខគេនៅអឺរ៉ុបសម្រាប់វេទិកាបណ្តាញសង្គមនេះ ក៏ដូចគ្នាទៅនឹងក្រុមហ៊ុនផ្សេងទៀត ដូចជា Google, Meta និង X ដែរ៕