ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) បានបន្តរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ នៅឯកិច្ចប្រជុំខែឧសភារបស់ខ្លួន ដោយព្រមានអំពីការកើនឡើងនៃអតិផរណា និងហានិភ័យគ្មានការងារធ្វើ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៧ ខែឧសភាកន្លងទៅ បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេលពីរថ្ងៃ ធនាគារកណ្តាលអាមេរិក (Fed) បានសម្រេចចិត្តរក្សាអត្រាការប្រាក់គោលរបស់ខ្លួនមិនផ្លាស់ប្តូរនៅកម្រិត ៤,២៥-៤,៥០% ដដែល។ កម្រិតនេះត្រូវបានរក្សាតាំងពីចុងឆ្នាំមុនមក។
ក្នុងសេចក្តីថ្លែងការណ៍មួយ Fed បាននិយាយថា ៖”សេដ្ឋកិច្ចទាំងមូលបានបន្តពង្រីកក្នុងល្បឿនដ៏រឹងមាំ។ យើងបានសន្មតថាការធ្លាក់ចុះនៃ GDPនៅត្រីមាសទី១ គឺដោយសារតែអាជីវកម្ម និងគ្រួសារបង្កើនការនាំចូល ដើម្បីជៀសវាងពន្ធគយថ្មី”។
ទន្ទឹមនឹងនេះ នៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ ប្រធាន Fed លោក Jerome Powell បាននិយាយថា Fed មិនទាន់ប្រញាប់ប្រញាល់ក្នុងការបន្ធូរបន្ថយគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួនទេ ដោយរង់ចាំមើលទៅលើស្ថានភាពសេដ្ឋកិច្ចសិន ខណ:ពេលដែលពន្ធគយរបស់លោក ត្រាំ នឹងប៉ះពាល់ដល់វិស័យការងារ និងអតិផរណាអាមេរិក។
មិនតែប៉ុណ្ណោះ លោក Powell បាននិយាយទៀតថា ៖”ខ្ញុំមិនគិតថាយើងអាចនិយាយបានថាលទ្ធផលវានឹងទៅជាយ៉ាងណានោះទេ។ វានៅតែមានភាពមិនច្បាស់លាស់ច្រើនខ្លាំងណាស់នៅពេលនេះ ជាឧទាហរណ៍ យើងត្រូវរង់ចាំមើលថាវិធានការពន្ធគយថ្មីនេះ នឹងទៅជាយ៉ាងណា”។
ជម្រាបជូនផងដែរថា ការសម្រេចចិត្តចុងក្រោយរបស់ Fed បែបនេះ ហាក់ផ្ទុយពីការចង់បានរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកំពុងព្យាយាមជំរុញឲ្យទីភ្នាក់ងារនេះ កាត់បន្ថយអត្រាការប្រាក់របស់ខ្លួន។ ប្រធានាធិបតីអាមេរិកបានធ្វើការអំពាវនាវនេះម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណ:ក្រុមអ្នកវិភាគជឿថា លោក ត្រាំ ចង់បន្ថយអត្រាការប្រាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃផែនការពន្ធនាំចូលរបស់ខ្លួន។ តែទោះជាយ៉ាងណា លោក Powell មិនចង់កាត់បន្ថយអត្រាការប្រាក់ឆាប់ៗទេ ដោយសារតែមានការព្រួយបារម្ភអំពីអតិផរណា៕

