យោងតាមការចុះផ្សាយពីសារព័ត៌មាន The Informantion បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Google បានប្រកាសកាត់បន្ថយចំនួនការងារប្រហែល ២០០ បន្ថែមទៀត នៅក្នុងអង្គភាពអាជីវកម្មសកលរបស់ខ្លួន ដែលគ្រប់គ្រងលើការលក់ និងភាពជាដៃគូ។
ជុំវិញការកាត់បន្ថយចំនួនការងារលើកចុងក្រោយនេះ ត្រូវបានគេដឹងថា ក្រុមហ៊ុន Google បាននិងកំពុងផ្លាស់ប្តូរទិសដៅនៃការចំណាយរបស់ខ្លួន ទៅកាន់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងការអភិវឌ្ឃ AI ខណ:ពេលដែលការវិនិយោគនៅក្នុងវិស័យផ្សេងៗ ក៏ត្រូវបានកាត់បន្ថយផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Google បានប្រាប់ទៅកាន់សារព័ត៌មាន Reuters នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើការផ្លាស់ប្តូរមួយចំនួនតូចនៅទូទាំងអង្គភាពអាជីវកម្មសកល ដើម្បីជំរុញឲ្យមានកិច្ចសហការកាន់តែច្រើន និងពង្រីកសមត្ថភាព ក្នុងការបម្រើអតិថិជនឲ្យបានកាន់តែឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។
ជម្រានជូនផងដែរថា នៅខែមករាឆ្នាំ២០២៣ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសពីផែនការកាត់បន្ថយការងារចំនួន ១២ ០០០ នាក់ ឬស្មើនឹង ៦% នៃកម្លាំងពលកម្មនៅទូទាំងពិភពលោករបស់ខ្លួន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ Alphabet មានបុគ្គលិកសរុបចំនួន ១៨៣ ៣២៣ នាក់។ នេះបើយោងតាមឯកសារផ្លូវការមួយរបស់ក្រុមហ៊ុនបង្ហាញឲ្យដឹង នៅក្នុងខែកុម្ភៈ ឆ្នាំនេះ៕