ប្រទេសចិន បានសន្យាថានឹងផ្តល់ជាជំនួយទឹកប្រាក់ចំនួន ៥០០លានដុល្លារបន្ថែមទៀត ដល់អង្គសុខភាពពិភពលោក (WHO) ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ចំពេលទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ កំពុងព្យាយាមស្វែងរកមូលនិធិបន្ថែមដើម្បីទូទាត់ការចំណាយរបស់ខ្លួន ក្រោយសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំនោះ ប្រកាសដកខ្លួនចេញ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។
ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Guozhong បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងអំឡុងថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតអង្គការសុខភាពពិភពលោក ក្នុងទីក្រុងហ្សឺណែវថា ៖” ឥឡូវនេះ ពិភពលោកកំពុងប្រឈមមុខទៅនឹងផលប៉ះពាល់ដោយឯកតោភាគីនិយម និងនយោបាយអំណាច ដោយនាំមកនូវបញ្ហាប្រឈមធំៗ ដល់សន្តិសុខសុខភាពសកល។
យ៉ាងណាមិញ ជុំវិញការប្រកាសផ្តល់ទឹកប្រាក់បន្ថែម ២០% ឬស្មើទៅនឹងប្រមាណ ៥០០លានដុល្លារ បានធ្វើឲ្យប្រទេសចិន ក្លាយជាម្ចាស់ជំនួយកំពូលគេ របស់អង្គការ WHO ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញមកពីកម្មវិធីផ្តល់ជំនួយនេះមក។
ជម្រាបជូនផងដែរថា អង្គការសុខភាពពិភពលោក កាលពីពេលថ្មីៗនេះ បានកែសម្រូលថវិកាឆ្នាំ ២០២៦-២០២៧ របស់ខ្លួនរួចរាល់ហើយ ដោយកាត់បន្ថែម ២១% មកនៅត្រឹមចំនួន ៤,២ពាន់លានដុល្លារប៉ុណ្ណោះ ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន ដែលបណ្តាលមកពីការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕