យោងតាមរដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិន បានយល់ព្រមលើនីតិវិធីដើម្បីបន្តការនំាចូលផលិតផលអាហារសមុទ្រជប៉ុនឡើងវិញ បន្ទាប់ពីមានការហាមឃាត់អស់រយ:ពេលជិត ២ឆ្នាំកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន និងគយរបស់ចិន បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចប្រជុំនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទីពុធ ដោយបន្ថែមថា ការនាំចេញអាហារសមុទ្រដល់ជាប់គាំងនៅត្រឹមព្រំដែនប្រទេសចិន ត្រូវបានគេរំពឹងថានឹងបន្តឡើងវិញ បន្ទាប់ពីចិនបានសម្រេចបញ្ចប់ការហាមឃាត់របស់ខ្លួន។
ទន្ទឹមនឹងនេះ រដ្ឋបាលគយទូទៅរបស់ប្រទេសចិនបាននិយាយថា ប្រទេសទាំងពីរបានធ្វើឲ្យមានវឌ្ឍនភាពច្រើន បន្ទាប់ពីមានកិច្ចចរចាមួយទៀត ស្តីពីពាណិជ្ជកម្មផលិតផល ជលផលរបស់ជប៉ុន។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងចុងក្រោយនេះ កើតឡើងនៅពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលកើតចេញពីការបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi នៅក្នុងឆ្នាំ២០២៣។ អំឡុងពេលនោះ រដ្ឋាភិបាលចិន បានដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុនភ្លាមៗ៕