ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនការវិនិយោគបន្ថែមទៀត ដើម្បីក្លាយជាអ្នកផ្គត់ផ្គត់ធនធានរ៉ែកម្រធំបំផុតរបស់ពិភពលោក ស្របពេលប្រទេសចិន កំពុងរឹតបន្តឹងការនាំចេញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពិភពលោកបានប្រឈមមុខនឹងកង្វះខាតនៃធនធានរ៉ែកម្រ ដោយសារតែការទប់ស្កាត់ការនាំចេញរបស់ចិន ដែលជាប្រទេសផ្គត់ផ្គង់រ៉ែកម្រធំបំផុតរបស់ពិភពលោក។ បញ្ហានេះ បានធ្វើឲ្យបណ្តាក្រុមហ៊ុនផលិតរថយន្ត នៅឥណ្ឌា អាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអាឡឺម៉ង់ សុទ្ធសឹងតែបានរងផលប៉ះពាល់ទាំងអស់។
ទាក់ទិននឹងបញ្ហានេះ ក្រុមមន្ត្រីរបស់ប្រទេសឥណ្ឌា កំពុងពិចារណាពីលទ្ធភាពនៃការជំរុញការផលិតកម្មរបស់ក្រុមហ៊ុនរដ្ឋ Indian Rare Earths (IREL) បន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា លោក Piyush Goyal បានហៅការរឹតបន្តឹងរបស់ប្រទេសចិន ក្នុងការនាំចេញរ៉ែកម្រថា ជាការដាស់តឿន សម្រាប់ពិភពលោក និងជាឱកាសសម្រាប់ឥណ្ឌា ដើម្បីក្លាយជាជម្រើសជំនួសវិញ។
គួរឲ្យដឹងថា កង្វះខាតនាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីភាពលេចធ្លោរបស់ប្រទេសចិន នៅក្នុងវិស័យនេះ។ បច្ចុប្បន្ននេះ ចិនផលិតបានប្រហែល ៩០% នៃធនធានរ៉ែកម្ររបស់ពិភពលោក ដែលផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង នូវអត្ថប្រយោជន៍យ៉ាងធំធេង ដោយសាររ៉ែប្រភេទនេះ មានសារៈសំខាន់ចំពោះបច្ចេកវិទ្យាទំនើបជាច្រើន រួមទាំងមនុស្សយន្ត ថាមពលស្អាត អាគុយ និងឧបករណ៍យោធា ជាដើម។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានបង្ហាញឲ្យដឹងថា ប្រទេសចិនមានទុនបំរុងរ៉ែកម្រដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំនួន ៤៤ លានតោន ខណ:ប្រទេសឥណ្ឌាមានប្រហែល ៦,៩ លានតោន ពោលគឺជាប់ចំណាត់ថ្នាក់ទីបីនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Gracelin Baskaran នាយកកម្មវិធីសន្តិសុខរ៉ែជាយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានបង្ហាញឲ្យដឹងថា បើទោះបីជាឥណ្ឌា មានទីតាំងល្អក៏ដោយ ប៉ុន្តែនៅតែខ្វះសមត្ថភាពរុករករ៉ែ បច្ចេកវិទ្យាទាញយក និងកែច្នៃវត្ថុធាតុដើម ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន។ បច្ចុប្បន្ននេះ ឥណ្ឌាបានចូលរួមចំណែកតិចជាង ១% ប៉ុណ្ណោះ នៃការផលិតរ៉ែកម្ររបស់ពិភពលោក៕