ក្រុមហ៊ុន Amazon គ្រោងនឹងកាត់បន្ថយកម្លាំងការងាររបស់មនុស្សនៅក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យា AI នឹងកាន់តែមានភាពទូលំទូលាយ។ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក លោក Andy Jassy។
លោក Andy Jassy បានសរសេរនៅក្នុងការបង្ហោះសារមួយនៅលើទំព័រផ្ទាល់ខ្លួន កាលថ្ងៃទី១៧ ខែមិថុនាថា ៖”យើងនឹងដាក់ពង្រាយភ្នាក់ងារស្វ័យប្រវត្តិ និងបច្ចេកវិទ្យា AI កាន់តែច្រើនឡើង។ ហើយវានឹងជួយផ្លាស់ប្តូររបៀបដែលយើងធ្វើការ”។
លើសពីនេះ លោក Jassy បាននិយាយបន្ថែមទៀតថា កម្លាំងការងាររបស់មនុស្ស នៅ Amazon នឹងធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ផលិតភាពនៃការប្រើប្រាស់ AI នៅទូទាំងក្រុមហ៊ុន។
“នៅពេលដែលយើងប្រើប្រាស់ AI និងភ្នាក់ងារកាន់តែច្រើន វាគួរតែផ្លាស់ប្តូររបៀបនៃការងាររបស់យើង។ យើងនឹងត្រូវការបុគ្គលិកតិចជាងមុនសម្រាប់ការងារមួយចំនួនដែលកំពុងធ្វើសព្វថ្ងៃ ហើយត្រូវការបុគ្គលិកច្រើនជាងមុនសម្រាប់ការងារប្រភេទផ្សេងទៀត” ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Jassy។
យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក Jassy បែបនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា អំពីផលប៉ះពាល់នៃ AI លើកម្លាំងពលកម្មរបស់មនុស្ស។ កាលពីខែឧសភា លោក Dario Amodei នាយកប្រតិបត្តិនៃក្រុមហ៊ុន Anthropic បានព្រមានថា AI អាចបណ្តាលឲ្យអត្រាអត់ការងារធ្វើរបស់មនុស្សកើនឡើង លឿនជាងអ្វីដែលអ្នកនយោបាយ និងក្រុមអាជីវកម្ម បានព្យាករទុកទៅទៀត។
គួរជម្រាបជូនថា Amazon មានបុគ្គលិកធ្វើការពេញម៉ោង និងក្រៅម៉ោងសរុបជាង ១,៥ លាននាក់គិតនៅត្រឹមចុងឆ្នាំមុន ហើយបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងប្រើប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើកិច្ចការងារសំខាន់ៗមួយចំនួន ដូចជាការបង្កើនប្រសិទ្ធភាពការគ្រប់គ្រងទំនិញក្នុងស្តុក និងសេវាកម្មបម្រើអតិថិជន ជាដើម៕