ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota Motor បានប្រកាសថាខ្លួននឹងចាប់ផ្តើមដំឡើងតម្លៃសម្រាប់រថយន្តមួយចំនួន ដែលលក់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាមធ្យម ២៧០ដុល្លារ ដោយនឹងចាប់ផ្តើមពីខែកក្កដាតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងវិធានការពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដាក់ពន្ធរហូតដល់ទៅ ២៥% លើរថយន្ត និងគ្រឿងបន្លាស់រថយន្តទាំងអស់ ដែលនាំចូលមកកាន់អាមេរិក។
យ៉ាងណាមិញ លោក Nobu Sunaga អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បាននិយាយកាលពីពេលថ្មីៗនេះ ថា ៖”ការដំឡើងតម្លៃចុងក្រោយបំផុតរបស់ក្រុមហ៊ុន គឺជាផ្នែកមួយនៃការត្រួតពិនិត្យជាប្រចាំរបស់យើងអំពីតម្លៃរថយន្តមួយចំនួន” ។
លោក Sunaga បានបន្តទៀតថា សម្រាប់តម្លៃរថយន្ត Lexus ដែលជាម៉ាកយីហោប្រណីតរបស់ Toyota ក៏នឹងត្រូវដំឡើងជាមធ្យម ២០៨ ដុល្លារផងដែរ។
ជម្រាបជូនផងដែរថា ការដំឡើងតម្លៃនេះធ្វើឡើង បន្ទាប់ពីការប្រកាសស្រដៀងគ្នាពីក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយផ្សេងទៀត គឺក្រុមហ៊ុន Mitsubishi Motors Corp ដែលថ្មីៗនេះបានបង្ហាញពីការបង្កើនតម្លៃសម្រាប់ម៉ូដែលចំនួនបីរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធទៅនឹងការកែសម្រួលតម្លៃស្តង់ដារ ដោយផ្អែកលើការគណនាអតិផរណា៕