សហរដ្ឋអាមេរិក សម្រេចទម្លាក់ពន្ធគយលើទំនិញរបស់ឥណ្ឌូណេស៊ី​ មកនៅត្រឹម ១៩%​

អន្តរជាតិ

ប្រធានាធីបតីអាមេរិក លោក​ ដូណាល់ ត្រាំ​ បានប្រកាសកាលពីពេលថ្មីៗនេះថា ឥណ្ឌូណេស៊ី នឹងត្រូវកាត់បន្ថយអត្រាពន្ធគយពីកម្រិត ៣២% មកនៅត្រឹម ១៩%​ វិញ​ ជាថ្នូរទៅនឹងការលើកលែងសម្រាប់ទំនិញអាមេរិក និងទិញផលិតផលអាមេរិកដែលមានតម្លៃរាប់សិបពាន់លានដុល្លារបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបានបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៥ ខែកក្កដា លោក ត្រាំ បានប្រកាសថា លោកបានឈានដល់កិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ ជាមួយប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីបានធ្វើការដោយផ្ទាល់ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក Prabowo Subianto ។

យ៉ាងណាមិញ នៅត្រឹមប៉ុន្មានម៉ោងក្រោយ លោកប្រធានាធិបអាមេរិក ក៏បានប្រកាសពីព័ត៌មានលម្អិតបន្ថែមទៀត ដោយសង្កត់ថា ឥឡូវនេះ​អត្រាពន្ធគយរបស់ឥណ្ឌូណេស៊ី គឺ ១៩%​ ។ ហើយជាមួយគ្នានោះ​ រាល់ទំនិញឆ្លងកាត់ មកពីប្រទេសដែលជាប់ពន្ធខ្ពស់ នឹងត្រូវរងពន្ធ ១៩%​ នេះ បូករួមទៅនឹងអត្រាពន្ធរបស់ប្រទេសដៃប្រភពទំនិញនោះ បន្ថែមទៀត។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា ៖”ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលទើបសម្រេចបាននេះ ឥណ្ឌូណេស៊ីបានប្តេជ្ញាទិញថាមពលតម្លៃ ១៥ពាន់លានដុល្លារ កសិផលរបស់សហរដ្ឋអាមេរិកចំនួន ៤,៥ពាន់លានដុល្លារ និងយន្តហោះ Boeing ចំនួន ៥០ គ្រឿង”។

ជម្រាបជូនផងដែរថា ឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មកំពូលមួយក្នុងចំនោមដៃគូពាណិជ្ជកម្មកំពូលទាំង ២៥ របស់សហរដ្ឋអាមេរិក។ យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក ចំណូលនាំចូល និងនាំចេញរបស់ប្រទេសទាំងពីរបានកើនឡើងដល់ជាង ៣៨ពាន់លានដុល្លារ កាលពីឆ្នាំមុន។ អតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីជាមួយអាមេរិកមានចំនួន ១៧,៩ ពាន់លានដុល្លារ៕