តម្លៃមាសរបស់ពិភពលោក បានបង្កើតកំណត់ត្រាថ្មីមួយផ្សេងទៀតហើយ បន្ទាប់ពីបានហក់ឡើងដល់ជាង ៤ ២០០ដុល្លារ ក្នុងមួយអោន ដែលជុំដោយតម្រូវការខ្ពស់ចំពោះលោហៈធាតុដែលត្រូវបានទុកថាជាទ្រព្យដ៏មានសុវត្ថភាពបំផុត ចំពេលស្ថានភាពសេដ្ឋកិច្ចសកលហាក់មានភាពមិនច្បាស់លាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយកាលពីថ្ងៃទី១៥ ខែតុលា តម្លៃមាសពិភពលោក បានកើនឡើង ៦៦ដុល្លារបន្ថែមទៀត ដែលធ្វើឲ្យតម្លៃសរុបហក់ឡើងដល់ ៤ ២០៧ដុល្លារ ក្នុងមួយអោន។ ហើយបើគិតត្រឹមការជួញដូរនៅព្រឹកថ្ងៃទី១៦ ខែតុលានេះ ទីផ្សារមាសបានបន្តកើនឡើងបន្ថែមទៀត ដោយបច្ចុប្បន្នឈានដល់ ៤ ២២៥ដុល្លារក្នុងមួយអោន ដែលជាកំណត់ត្រាថ្មីមួយមិនធ្លាប់មានពីមុន។
យ៉ាងណាមិញ បើតាមលោក Fawad Razaqzada អ្នកវិភាគទីផ្សារនៅ City Index និង FOREX.com បាននិយាយថា ៖”ទីផ្សារមាសកំពុងស្ថិតក្នុងនិន្នាការកើនឡើង ហើយវាហាក់ដូចជាមិនចង់បញ្ឈប់ត្រឹមនេះ នោះទេ។ ជាមួយនឹងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានផ្ទុះឡើងម្តងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ វិនិយោគិនមានហេតុផលបន្ថែមទៀតដើម្បីធ្វើពិពិធកម្មហានិភ័យរបស់ពួកគេដោយការទិញមាសបន្ថែម” ។
ជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំមក តម្លៃមាសបានកើនឡើងជាង ៦០% រួចមកហើយ។ មូលហេតុចម្បងនេះការកើនឡើងនេះ គឺដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ ការរំពឹងទុកនៃអត្រាការប្រាក់ទាបរបស់សហរដ្ឋអាមេរិក ការកាត់បន្ថយតម្រូវការសម្រាប់ប្រាក់ដុល្លារ និងអំណាចទិញរបស់ធនាគារកណ្តាលជាដើម៕

