ឥណ្ឌា នឹងពិចារណាងាកមកទិញប្រេងអាមេរិកវិញ បើទទួលបានក្នុងតម្លៃទាប

អន្តរជាតិ

ប្រទេសឥណ្ឌា បានឲ្យដឹងថា ខ្លួននឹងពិចារណាទិញចូលប្រេងរបស់អាមេរិកបន្ថែមទៀត ប្រសិនបើវាមានតម្លៃសមរម្យ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi សន្យាឈប់ទិញប្រេងពីរុស្ស៊ីទៀតហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៥ ខែតុលា លោក ត្រាំ បានប្រកាសថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានសន្យាថានឹងបញ្ឈប់ការទិញប្រេងរបស់រុស្ស៊ីិ។ ប្រធានាធិបតីអាមេរិក ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ៖”វាជាដំណើរការមួយ ប៉ុន្តែឥណ្ឌា នឹងបញ្ចប់ការទិញចូលប្រេងរុស្ស៊ី​ក្នុងពេលឆាប់ៗនេះ”។

គួរឲ្យដឹង ប្រទេសឥណ្ឌា គឺជាអ្នកប្រើប្រាស់ប្រេងរបស់រុស្ស៊ីធំជាងគេទីពីរ បន្ទាប់ពីប្រទេសចិន។

យ៉ាងណាមិញ ដោយឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បាននិយាយថា អាទិភាពរបស់ទីក្រុងញូវដេលី​គឺដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់។ អាស្រ័យហេតុនេះ ឥណ្ឌាត្រូវតែធានាបាននូវស្ថិរភាពតម្លៃថាមពល និងការផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាព ដែលជាគោលដោពីរស្របគ្នា។

កាលពីដើមថ្ងៃទី១៤ ខែតុលា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Rajesh Agarwal បាននិយាយថា ឥណ្ឌា បានត្រៀមខ្លួនជាស្រេចហើយដើម្បីទិញប្រេង និងឧស្ម័នធម្មជាតិបន្ថែមទៀតពីសហរដ្ឋអាមេរិក ប្រសិនបើមានតម្លៃសមរម្យ។លោក Agarwal បានបន្តទៀតថា ប្រទេសឥណ្ឌាបានទិញប្រេងឆៅ និងឧស្ម័នប្រហែល ១២ ទៅ ១៣ពាន់លានដុល្លាររួចហើយ ពីសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ហើយការទិញនោះបានកើនឡើងជិតទ្វេដង៕​