វៀតណាម ជំរុញឲ្យកម្ពុជា-ថៃ រក្សាភាពអត់ធ្មត់ ក្រោយភាពតានតឹងព្រំដែនផ្ទុះឡើងម្តងទៀត

អន្តរជាតិ

ក្រសួងការបរទេសវៀតណាម កាលពីពេលថ្មីៗនេះ​ បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងព្រំដែនដែលកំពុងកើនឡើងរវាងប្រទេសថៃ និងកម្ពុជា ហើយបានអំពាវនាវឲ្យភាគីទាំងសងខាងធ្វើសកម្មភាពដោយអត់ធ្មត់ និងអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលក្នុងខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Tuoi Tre។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានលើកឡើងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយ ដោយឆ្លើយតបទៅនឹងសំណួរអំពីជំហររបស់វៀតណាមលើការប៉ះទង្គិចគ្នាឡើងវិញរវាងប្រទេសជិតខាងទាំងពីររបស់ខ្លួន។

មិនតែប៉ុណ្ណោះ លោកស្រី Hang បាននិយាយទៀតថា ៖”​ វៀតណាមអំពាវនាវឲ្យភាគីទាំងពីរចៀសវាងការប្រើប្រាស់កម្លាំង ប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បន្តការសន្ទនា និងដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍”។

លោកស្រី Hang បានបន្ថែមទៀតថា វៀតណាមនឹងបន្តគាំទ្រយ៉ាងសកម្មចំពោះការសន្ទនា និងបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា ដោយមានគោលបំណងស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនសម្រាប់ផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសទាំងពីរ និងនៅក្នុងតំបន់៕​