លោក ត្រាំ ប្រកាសដកអាមេរិកចេញពី UN និងអង្គការអន្តរជាតិចំនួន ៦៦ ផ្សេងទៀត

អន្តរជាតិ

យោងតាមសេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦ ដោយក្នុងនោះរួមទាំងអង្គការសហប្រជាជាតិ (UN) ផងដែរ ដោយសារតែស្ថាប័នទាំងនោះ លែងបម្រើជាផលប្រយោជន៍ដល់ទីក្រុងវ៉ាស៊ីនតោនទៀតហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីប្រកាសរបស់សេតវិមាននោះ បាននិយាយថា ៖” នៅថ្ងៃទី៧ ខែមករា លោក ត្រាំ​ បានចុះហត្ថលេខាលើឯកសារមួយដែលដឹកនាំក្រសួង និងស្ថាប័នប្រតិបត្តិការឲ្យបញ្ឈប់ការចូលរួម និងការផ្តល់មូលនិធិដល់អង្គការមិនមែនអង្គការសហប្រជាជាតិចំនួន ៣៥ និងអង្គភាពអង្គការសហប្រជាជាតិចំនួន ៣១។ អង្គភាពទាំងនេះដំណើរការផ្ទុយពីផលប្រយោជន៍ជាតិ សន្តិសុខ វិបុលភាពសេដ្ឋកិច្ច ឬអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក”។

គួរឲ្យដឹងផងដែរថា ក្នុងចំណោមអង្គការចំនួន ៣១ ក្រោមអង្គការសហប្រជាជាតិ គឺរួមមានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់ទ្វីបអាហ្វ្រិក អាមេរិកឡាទីន និងការ៉ាប៊ីន អាស៊ី និងប៉ាស៊ីហ្វិក និងអាស៊ីខាងលិច , គណៈកម្មការច្បាប់អន្តរជាតិ (ILC និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC)។

ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុត ក្នុងចំណោមអង្គភាពទាំងនេះ ក៏រួមមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលជាសន្ធិសញ្ញាជាមូលដ្ឋានដែលគាំទ្រដល់កិច្ចព្រមព្រៀងអាកាសធាតុអន្តរជាតិសំខាន់ៗទាំងអស់ ផងដែរ។

មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានដកខ្លួនចេញពីអង្គការ UN Women ដែលជាអង្គការមួយដែលធ្វើការដើម្បីសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី ក៏ដូចជាមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ដែលជាទីភ្នាក់ងារទទួលខុសត្រូវលើផែនការគ្រួសារ និងសុខភាពមាតា និងកុមារនៅក្នុងប្រទេសជាង ១៥០។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានកាត់បន្ថយការផ្តល់មូលនិធិដល់ UNFPA​ នេះ។

ជម្រាបជូនផងដែរថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញដែលបានធ្វើឡើងនៅដើមឆ្នាំនេះនៃអង្គការអន្តររដ្ឋាភិបាលអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងអស់ដែលសហរដ្ឋអាមេរិកជាសមាជិក ឬភាគី និងយន្តការដែលទីក្រុងវ៉ាស៊ីនតោនផ្តល់មូលនិធិ ឬបានគាំទ្រក្នុងពេលកន្លងមក៕