ទ្រព្យសម្បត្តិអ្នកមានដាច់គេរបស់វៀតណាម បន្តកើនឡើងលើសមេធំក្រុមហ៊ុនយក្សចិន Xiaomi

អន្តរជាតិ

លោក Pham Nhat Vuong ដែលជាមហាសេដ្ឋីមានបំផុតនៅវៀតណាម និងជាអ្នកមានដាច់គេទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ ឥឡូវនេះ បានបន្តកើនទ្រព្យសម្បត្តិរហូតដល់ ៣២,៣ពាន់លានដុល្លារ វ៉ាដាច់លោក Lei Jun ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Xiaomi។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes របស់អាមរិក បានរាយការណ៍ថា ទ្រព្យសម្បត្តិសរបស់លោក Vuong បានកើនឡើង ១,៨ពាន់លានដុល្លារ បន្ថែមទៀត គិតនៅត្រឹមថ្ងៃទី៧ ខែមករា បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup របស់លោក បានកើនឡើង ៣,៤% ។

យ៉ាងណាមិញ លោក Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup ឥឡូវនេះកំពុងជាប់ចំណាត់ថ្នាក់ទី៦៥ ក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក ខណៈលោក Lei ស្ថិតនៅចំណាត់ថ្នាក់ទី៧៣ ជាមួយទ្រព្យសម្បត្តិសរុប ៣០,២ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ទស្សនាវដ្តី Forbes បានចុះបញ្ជីលោក Vuong ជាមហាសេដ្ឋីជាលើកដំបូងក្នុងឆ្នាំ២០១៣ ពេលនោះលោកជាប់លេខរៀងទី៩៧៤ ជាមួយនឹងទ្រព្យសម្បត្តិចំនួន ១,៥ពាន់លានដុល្លារ។ តែចាប់តាំងពីពេលនោះមក ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងជាងម្ភៃដង ដោយឥឡូវនេះ ឈរពីក្រោយតែមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ក្នុងនាមជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍៕​