សមាជិកព្រឹទ្ធសភាអាមេរិក ទទូចឲ្យមន្ទីរបញ្ចកោណស៊ើបអង្កេតលើក្រុមហ៊ុន SpaceX របស់ Elon Musk

អន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិកពីររូប បានអំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk ដោយលើកឡើងពីការព្រួយបារម្ភថាការវិនិយោគរបស់ចិន ទៅក្នុងក្រុមហ៊ុនក្រុមហ៊ុននេះ អាចប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាជិកព្រឹទ្ធសភារបស់បក្សប្រជាធិបតេយ្យ លោកស្រី Elizabeth Warren និងលោក Andy Kim ​កាលពីថ្ងៃទី៥ ខែកុម្ភៈ បានផ្ញើលិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth ដោយសម្តែងការព្រួយបារម្ភថា មូលនិធិសម្ងាត់របស់ចិន ដែលហូរចូលទៅក្នុង SpaceX អាចបង្កើតការគំរាមកំហែងសន្តិសុខជាតិ និងធ្វើឲ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធយោធា ចារកម្ម និងស៊ីវិលដ៏សំខាន់។

មិនតែប៉ុណ្ណោះ សមាជិកសភាពីររូបនេះ ក៏បានលើកឡើងពីអត្ថបទព័ត៌មាន និងសក្ខីកម្មតុលាការ ដោយចោទប្រកាន់ថាវិនិយោគិនដែលមានទំនាក់ទំនងជាមួយប្រទេសចិនបានផ្ទេរប្រាក់តាមរយៈអង្គភាព នៅលើកោះ Cayman និងកោះ British Virgin ដើម្បីលាក់បាំងការទិញភាគហ៊ុននៅក្នុង SpaceX ដែលជាក្រុមហ៊ុនអវកាសបង្កើតឡើងដោយមហាសេដ្ឋី Elon Musk។

សមាជិកសភាដដែលនោះ បានសង្កត់ធ្ងន់ទៀតថា SpaceX បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយអនុវត្តការបាញ់បង្ហោះផ្កាយរណបយោធា និងចារកម្ម និងដំណើរការបណ្តាញអ៊ីនធឺណិតផ្កាយរណប Starlink។ ហើយបច្ចេកវិទ្យានេះ ក៏កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយមន្ទីរបញ្ចកោណ និងបម្រើជាឆ្អឹងខ្នងសម្រាប់យោធាអ៊ុយក្រែនផងដែរ។

លើសពីនេះ​ ពួកគេបានព្រមានថា កម្រិតនៃភាពជាម្ចាស់កម្មសិទ្ធិដែលទាក់ទងនឹងជនជាតិចិននៅក្នុង SpaceX អាចបង្កឲ្យមានការបំពានលើច្បាប់របស់សហរដ្ឋអាមេរិកស្តីពីភាពជាម្ចាស់កម្មសិទ្ធិ ការគ្រប់គ្រង ឬឥទ្ធិពលបរទេស (FOCI) ដោយសារតែហានិភ័យនៃការលាតត្រដាងព័ត៌មាន ឬបច្ចេកវិទ្យាដ៏រសើបផ្សេងៗ៕​