ក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃទី១២ ខែកុម្ភៈថា ខ្លួនបានចាប់ផ្តើមផលិតបន្ទះឈីបអង្គចងចាំជំនាន់ចុងក្រោយទ្រង់ទ្រាយធំបំផុត ដើម្បីផ្តល់ថាមពលដល់បញ្ញាសិប្បនិម្មិត ជាមួយនឹងការបង្ហាញភាពជឿនលឿនឈានមុខគេនៅក្នុងឧស្សាហកម្មនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បន្ទះឈីបអង្គចងចាំ HBM4 ដែលមានកម្រិតបញ្ជូនខ្ពស់ ត្រូវបានគេមើលឃើញថាជាសមាសធាតុសំខាន់ដែលត្រូវការ ដើម្បីពង្រីកមជ្ឈមណ្ឌលផ្ទុកទិន្នន័យដ៏ធំ ដែលផ្តល់ថាមពលដល់ការផ្ទុះឡើងនៃបញ្ញាសិប្បនិម្មិត AI នាពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Nvidia ដែលជាក្រុមហ៊ុនដ៏មានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោក ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងក្លាយជាអតិថិជនដ៏សំខាន់មួយរបស់ Samsung សម្រាប់បន្ទះឈីបជំនាន់ថ្មីចុងក្រោយនេះ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”សមិទ្ធផលនេះ គឺជាសមិទ្ធផលដំបូងនៅក្នុងឧស្សាហកម្ម ដោយធានាបាននូវតំណែងជាអ្នកដឹកនាំឈានមុខគេ នៅក្នុងទីផ្សារបន្ទះឈីប HBM4″។
ជម្រាបជូនផងដែរថា ដោយសារការផ្ទុះឡើងនៅទូទាំងពិភពលោក ក្នុងការសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI បានធ្វើឱ្យការបញ្ជាទិញសម្រាប់មីក្រូឈីបអង្គចងចាំកម្រិតខ្ពស់ និងបន្ទះឈីបមានកម្រិតបញ្ជូនខ្ពស់ កើនឡើងយ៉ាងខ្លាំង៕

