ប្រធានធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព បានសន្យាថានឹងចូលរួមបចំណែកជាង ៥ពាន់លានដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការកសាងឡើងវិញ ក្នុងតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានប្រកាសថា នៅក្នុងកិច្ចប្រជុំកំពូលមួយនាថ្ងៃទី១៩ ខែកុម្ភៈខាងមុខ លោកនិងសមាជិកនៃក្រុមប្រឹក្សាសន្តិភាពនឹងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកទឹកប្រាក់ជាង ៥ពាន់លានដុល្លារដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។
លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា សមាជិកនៃក្រុមប្រឹក្សាសន្តិភាពក៏នឹងផ្តល់បុគ្គលិករាប់ពាន់នាក់ដល់កងកម្លាំងស្ថេរភាពអន្តរជាតិ និងប៉ូលិសក្នុងតំបន់ ដើម្បីបន្តរក្សាសន្តិភាព និងសន្តិសុខសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាផងដែរ។
ជម្រាបជូនថា ក្រុមប្រឹក្សាសន្តិភាព ដូចដែលបានគ្រោងទុកដំបូងដោយលោក ត្រាំ គឺជាក្រុមតូចមួយនៃមេដឹកនាំពិភពលោក ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផែនការសន្តិភាពនៅតំបន់ហ្គាហ្សា។
ទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ស្ថាប័ននេះបានពង្រីក ដោយលោក ត្រាំ បានផ្ញើលិខិតអញ្ជើញទៅកាន់ប្រទេសប្រហែល ៦០ និងបង្ហើបថា ក្រុមប្រឹក្សានេះនឹងដើរតួជាអ្នកសម្របសម្រួលសម្រាប់ជម្លោះសកលក្នុងពេលឆាប់ៗនេះ ដូចជា “ក្រុមប្រឹក្សាសន្តិសុខខ្នាតតូច” មួយដែរ៕

