លោក ត្រាំ នឹងកោះហៅមេធំក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដើម្បីបង្ខំឲ្យពួកគេផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង

អន្តរជាតិ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Amazon, Google និង Meta នឹងត្រូវជួបជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅសប្តាហ៍ក្រោយ ដើម្បីចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយក្នុងការស្វែងរកការផ្គត់ផ្គង់ថាមពលអគ្គិសនីសម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់ពួកគេ ដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្តេជ្ញាចិត្តចំពោះការផ្គត់ផ្គង់នៅក្នុងវិស័យអគ្គិសនីនេះ បានកើតឡើងចំពេលមានការប្រឆាំងយ៉ាងខ្លាំងរបស់អាមេរិក ចំពោះមជ្ឈមណ្ឌលទិន្នន័យ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលត្រូវបានគេមើលឃើញថាជាមូលហេតុចម្បងនៃការកើនឡើងនៃវិក្កយបត្រអគ្គិសនីគ្រួសារ។

យ៉ាងណាមិញ ចំពោះកិច្ចប្រជុំរវាងមេធំបច្ចេកវិទ្យា និងលោក ត្រាំ នេះ គ្រោងនឹងធ្វើឡើងនាថ្ងៃទី៤ ខែមីនាខាងមុខ ដោយក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ ត្រូវតែសាងសង់ ឬទិញប្រភពថាមពលផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មី ដើម្បីគាំទ្រដល់បញ្ញាសិប្បនិម្មិត (AI)។

ជម្រាបជូនថា មជ្ឈមណ្ឌលទិន្នន័យ កំពុងប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍នានាទូទាំងសហរដ្ឋអាមេរិក ដែលអះអាងថា វិក្កយបត្រអគ្គិសនីដែលកើនឡើងខ្ពស់គឺដោយសារតែមានការប្រើប្រាស់អគ្គិសនីយ៉ាងច្រើនពីកន្លែងទាំងនោះ៕​