នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថាលោកនឹងអនុវត្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ប៉ុន្តែបានបន្ថែមថាកិច្ចព្រមព្រៀងនេះនឹងមិនពាក់ព័ន្ធទៅនឹងជម្លោះជាមួយក្រុមហេសបូឡា នៅលីបង់នោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែមេសា ប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសពីបទឈប់បាញ់ របស់សហរដ្ឋអាមេរិកថា ៖”អ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្នប្រឆាំងនឹងអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ដោយមានលក្ខខណ្ឌថាអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ភ្លាមៗ”។
តែទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បាននិយាយទៀតថាកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលពីរសប្តាហ៍នេះ មិនរាប់បញ្ចូលប្រទេសលីបង់ ដែលជាកន្លែងកងកម្លាំងរបស់អ៊ីស្រាអែល កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នោះឡើយ។
យ៉ាងណាមិញជុំវិញសេចក្តីថ្លែងការណ៍នេះ ហាក់ផ្ទុយនឹងការប្រកាសពីមុនរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលបានដើរតួជាអ្នកសម្របសម្រួលក្នុងជម្លោះនេះ។ លោក Sharif បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានយល់ព្រមលើបទឈប់បាញ់ ពោលគឺនៅគ្រប់ទីកន្លែងទាំងអស់ រួមទាំងលីបង់ផងដែរ។
ជម្រាបជូនថា អ៊ីស្រាអែល និងក្រុមហេសបូឡា ធ្លាប់បានឈានដល់បទឈប់បាញ់ម្តងហើយ នៅឆ្នាំ២០២៤ ប៉ុន្តែបន្ទាប់ពីអ៊ីស្រាអែលបានធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei នៅថ្ងៃទី២៨ ខែកុម្ភៈ មក ក្រុមហេសបូឡា បានបាញ់មីស៊ីលទៅកាន់អ៊ីស្រាអែលដើម្បីជាការសងសឹក ហើយអ៊ីស្រាអែលបានឆ្លើយតបវិញ ដោយបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសលីបង់កាន់តែជ្រៅ៕

