សហរដ្ឋអាមេរិក បន្តបទឈប់បាញ់បន្ថែមទៀត ដើម្បីទុកពេលឲ្យអ៊ិរ៉ង់ចូលខ្លួនចរចា

អន្តរជាតិ

ប្រធានាធិបតីបអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យាពេលនៃបទឈប់បាញ់ជាមួយអ៊ីរ៉ង់បន្ថែមទៀត ដោយទុកពេលឲ្យភាគីទាំងពីរជួបចរចាគ្នា ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តភាពរយៈពេលវែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានប្រកាសនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី២១ ខែមេសា ថា ៖”ខ្ញុំបានណែនាំប្រាប់យោធាឲ្យរក្សាការបិទផ្លូវ និងរក្សាស្ថានភាពត្រៀមខ្លួនគ្រប់បែបយ៉ាង។ ខ្ញុំក៏នឹងពង្រីកបទឈប់បាញ់រហូតដល់ពួកគេដាក់សំណើចរចា និងការពិភាក្សាបញ្ចប់”។

យ៉ាងណាមិញ ជុំវិញការប្រកាសរបស់លោក ត្រាំ បានបង្ហាញថា ការពង្រីកបទឈប់បាញ់នេះនឹងមិនមានកំណត់នោះឡើយ ប៉ុន្តែអាចមានរយៈពេលរហូតដល់អ៊ីរ៉ង់យល់ព្រមលើការចរចាជុំទីពីរ និងដាក់សំណើថ្មីមួយ។

ចលនានេះ បានបង្ហាញពីការផ្លាស់ប្តូរជំហរភ្លាមៗពីសេតវិមាន​ ពោលគឺនៅត្រឹមតែប៉ុន្មានម៉ោងមុន ដែលលោក ត្រាំ បានប្រកាសថាលោកមិនចង់បន្តបទឈប់បាញ់ទៀតនោះទេ ហើយបានព្រមានថាពេលវេលាសម្រាប់អ៊ីរ៉ង់គឺជិតអស់ហើយ មុនពេលសហរដ្ឋអាមេរិក នឹងចាប់ផ្តើមបើកការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។

ទន្ទឹមនឹងនេះ លោក Mahdi Mohammadi ជំនួយការប្រធានសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានបង្ហាញការសង្ស័យថាការបន្តបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិករូបនេះ​ គឺជាល្បិចកលដើម្បីទិញពេលវេលាសម្រាប់ការវាយប្រហារដោយមិនបានរំពឹងទុក ហើយបានអះអាងថាឥឡូវនេះជាពេលវេលាសម្រាប់អ៊ីរ៉ង់ដើម្បីចាត់វិធានការឆ្លើយតប។

ជម្រាបជូនថា បទឈប់បាញ់ដើមត្រូវបានគ្រោងនឹងផុតកំណត់នៅថ្ងៃនេះ បន្ទាប់ពីការអនុវត្តរយៈពេលពីរសប្តាហ៍ ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជួបចរចាគ្នាជាប្រវត្តិសាស្រ្តលើដំបូង នៅប្រទេសប៉ាគីស្ថាន ប៉ុន្តែត្រូវបានចែកផ្លូវគ្នាវិញ ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ៕​