ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ លោកបានប្រើពាក្យសម្តីមិនសមរម្យមួយចំនួនទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយសារតែខឹងខ្លាំងពេក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសមួយនៅលើកម្មវិធីផតខាស Pod Force One ដែលបានចាក់ផ្សាយនៅថ្ងៃទី៣ ខែមិថុនា លោក ត្រាំ ត្រូវបានគេសួរនាំអំពីការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu កាលពីពីរថ្ងៃមុន។
លោក ត្រាំ បានសារភាពទៀតថា លោកបានធ្លោយជេរប្រមាថទៅលើលោក Netanyahu ដោយនិយាយថាគាត់ជាមនុស្សឆ្កួត ដោយសារតែលោកមានអារម្មណ៍ខឹងខ្លាំងពេក បន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលរូបនេះ នៅតែបន្តបើកវាយប្រហារលើលីបង់ ដែលបង្កឲ្យមានការរាំងស្ទះដល់ដំណើរការចរចាជាមួយអ៊ីរ៉ង់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានទទូចផងដែរថា លោក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នា និងបន្តការធ្វើការជាមួយគ្នាបានយ៉ាងល្អដដែល។
គួរជម្រាបជូនផងដែរថា ទីក្រុងតេអេរ៉ង់បាននិយាយម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងឈប់បាញ់ និងបញ្ចប់ជម្លោះណាមួយត្រូវតែរួមបញ្ចូលប្រទេសលីបង់។ អ៊ីរ៉ង់ត្រូវបានគេជឿថាបានផ្អាកការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់៕

