ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបន្តយុទ្ធនាការរបស់ខ្លួនប្រឆាំងទៅនឹងអ៊ីរ៉ង់ បន្ទាប់ពីជម្លោះហាក់មិនបានស្ងប់ស្ងាត់នោះឡើយ បើទោះបីជាមានការចរចាអស់រយៈពេលជាយូរមកហើយក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval នៅថ្ងៃទី១០ ខែមិថុនាថា ៖” យើងនឹងបើកការវាយប្រហារលើពួកគេជាថ្មី ហើយនឹងកាន់តែខ្លាំងជាងមុន។ យើងបានទម្លាក់គ្រាប់បែកលើពួកគេរួចហើយកាលពីម្សិលមិញ ហើយយើងនឹងបន្តវាយប្រហារពួកគេកាន់តែខ្លាំងបន្ថែមទៀតនៅថ្ងៃនេះ”។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា សហរដ្ឋអាមេរិក នឹងបន្តការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនទៅលើអ៊ីរ៉ង់ បន្ទាប់ពីឧទ្ធម្ភាគចក្រត្រូវបានបាញ់ទម្លាក់របស់សហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់ដោយអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz កាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍របស់លោក ត្រាំ នេះ បានកើតឡើង នៅពេលដែលសហសរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា កាលពីខែមេសា ដើម្បីសម្រួលដល់ការចរចាសន្តិភាព។
ប៉ុន្តែទោះបីជាបានប្រកាសពីការបន្តការវាយប្រហារតាមអាកាសឡើងវិញលើអ៊ីរ៉ង់ក៏ដោយ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនៅតែកំពុងស្វែងរកកិច្ចព្រមព្រៀងដែលមានអត្ថន័យ និងមានប្រសិទ្ធភាពពិតប្រាកដជាមួយអ៊ីរ៉ង់។ លោកបានបន្ថែមថា អ៊ីរ៉ង់បានយល់ព្រមមិនបន្តកម្មវិធីអាវុធនុយក្លេអ៊ែរទៀតនោះទេ ប៉ុន្តែភាគីទាំងពីរនៅតែត្រូវចុះហត្ថលេខាលើឯកសារមួយ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះទាំងស្រុង៕

