តុលារការទីក្រុងអូស្លូ បានសម្រេចកាត់ទោស Marius Borg Hoiby ដែលជាបុត្រារបស់ម្ចាស់ក្សត្រន័រវែស Mette-Marit ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទចោទប្រកាន់ជាច្រើន រួមទាំងបទរំលោភសេពសន្ថវៈចំនួនពីរករណីផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

Hoiby ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ចំនួន ៤០ រាប់ចាប់ពីការរំលោភសេពសន្ថវៈ រហូតដល់ការរំលោភបំពានច្បាប់ចរាចរណ៍ ដោយមានស្ថានទម្ងន់ទោសជាប់ពន្ធនាគារអតិបរមា ១៦ឆ្នាំ នៅក្នុងសវនាការទីក្រុងអូស្លូ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់ Hoiby បានបដិសេធការចោទប្រកាន់ធ្ងន់ធ្ងរបំផុត រួមទាំងការរំលោភសេពសន្ថវៈ ហើយកំពុងស្នើសុំឱ្យមានការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលត្រឹម ១៨ខែចំពោះការចោទប្រកាន់ដែលកូនក្តីរបស់ខ្លួនបានសារភាពថាមានទោស។
ក្រោយមក ចៅក្រមបានកាត់ទោស Hoiby ឲ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ ពីបទរំលោភសេពសន្ថវៈចំនួនពីរករណី និងបទចោទប្រកាន់ចំនួន ៣២ ផ្សេងទៀត។ Hoiby មិនបានបង្ហាញខ្លួននៅក្នុងតុលាការដោយផ្ទាល់នោះទេ ប៉ុន្តែបានតាមដានការកាត់ទោសតាមរយៈ Video Link ជំនួសវិញ។
ជម្រាបជូនផងដែរថា Hoiby គឺជាបុត្ររបស់ម្ចាស់ក្សត្រីន័រវែស Mette-Marit ជាមួយគូស្នេហ៍ពីមុនរបស់ទ្រង់ មុនពេលរៀបអាភិសេកជាមួយព្រះអង្គម្ចាស់ Haakon ក្នុងឆ្នាំ២០០១។ ត្បិតតែជាសមាជិកនៃគ្រួសាររាជវង្សក៏ដោយ ប៉ុន្តែ Hoiby មិនទទួលបានគោរមងារជា ព្រះអង្គម្ចាស់ ដូចទៅនឹងសមាជិករាជរង្សដទៃទៀតនោះឡើយ៕

