ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃទី៦ ខែមេសាថា ខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តថ្មីតម្លៃ ៣,៦ពាន់លានដុល្លារនៅរដ្ឋតិចសាស់ និងផ្លាស់ប្តូរទីតាំងផលិតរថយន្តប្រភេទភីកអាប់របស់ខ្លួនមួយចំនួន ពីប្រទេសម៉ិកស៊ិក មកកាន់ទឹកដីសហរដ្ឋអាមេរិកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនមួយនេះបាននិយាយថា គម្រោងរោងចក្រថ្មីទំហំ ២,៥លានហ្វីតការ៉េនេះ នឹងមានទីតាំងនៅក្នុងបរិវេណផលិតកម្ម San Antonio របស់ខ្លួន ហើយអាចនឹងបើកដំណើរការនៅឆ្នាំ២០៣០ ដោយបង្កើតការងារចំនួន ២ ០០០ កន្លែង។
ក្រុមហ៊ុននេះបាននិយាយទៀតថា ខ្លួននឹងផ្លាស់ប្តូរការផលិតរថយន្តភីកអាប់ប្រភេទ Tacoma ទំហំមធ្យមរបស់ខ្លួនពីរោងចក្រ Baja California នៅម៉ិកស៊ិក ទៅកាន់រដ្ឋតិចសាស់ជំនួសវិញ នៅពេលដែលរោងចក្រថ្មីនេះត្រូវបញ្ចប់ការសាងសង់រួចរាល់។
យ៉ាងណាមិញ ជុំវិញការផ្លាស់ប្តូរទីតាំងផលិតនេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់សម្ពាធលើក្រុមហ៊ុនផលិតរថយន្តឱ្យផ្លាស់ប្តូរការផលិតរថយន្តទៅកាន់សហរដ្ឋអាមេរិក និងថែមទាំងបានដំឡើងពន្ធគយខ្ពស់ទៅលើរថយន្ត ដែកថែប អាលុយមីញ៉ូម និងគ្រឿងបន្លាស់រថយន្ត ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota បាននិយាយថា ពួកគេនៅតែប្តេជ្ញាចិត្តចំពោះប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក ហើយបានជំរុញឱ្យលោក ត្រាំ ពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ និយាយថាមានសារៈសំខាន់ចំពោះការផលិតរថយន្តរួមបញ្ចូលគ្នា៕

