សហរដ្ឋអាមេរិក គ្រោងផលិតកាក់មួយដុល្លារដែលមានរូបរបស់ប្រធានាធិបតី ត្រាំ

អន្តរជាតិ

រោងកាក់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមផលិតកាក់មួយដុល្លារដែលមានរូបរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅផ្នែកខាងមុខ ដើម្បីជាការរំលឹកខួបលើកទី២៥០ នៃឯករាជ្យភាពរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារបាននិយាយនៅថ្ងៃទី១៥ ខែកក្កដាថា កាក់ថ្មីនេះគឺជាការរំលឹកខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិក ហើយនឹងគោរពដល់បេតិកភណ្ឌដ៏យូរអង្វែងនៃសេរីភាព និងនិមិត្តរូបដ៏អស្ចារ្យនៃអ្នកស្នេហាជាតិ។

យោងតាមរូបភាពគម្រូមួយដែលត្រូវបានបង្ហោះដោយ លោក Bessent នៅលើបណ្តាញសង្គម X បានបានបង្ហាញពីផ្នែកខាងមុខនៃកាក់មានរូបរបស់ ត្រាំ រួមជាមួយពាក្យថា “យើងទុកចិត្តលើព្រះ” ហ៊ុំព័ទ្ធដោយពាក្យថា “សេរីភាព” និងឆ្នាំ “១៧៧៦ – ២០២៦” ដែលសម្គាល់ជាខួបទី២៥០ឆ្នាំ ចាប់តាំងពីសហរដ្ឋអាមេរិកបានអនុម័តសេចក្តីប្រកាសឯករាជ្យរបស់ខ្លួន។

សម្រាប់ផ្នែកខាងក្រោយនៃកាក់វិញ មានរូបរបស់សត្វឥន្ទ្រីមួយក្បាល ដែលមានក្រញាំម្ខាងកាន់ព្រួញ និងក្រញាំម្ខាងទៀតកាន់មែកអូលីវ ដោយមានលេខ២៥០ បង្កប់នៅខាងក្នុងនោះផងដែរ។

យ៉ាងណាមិញ បើតាមអ្នកតំណាងម្នាក់មកពីក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា កាក់ថ្មីនេះកំពុងផលិត ហើយនឹងត្រូវដាក់ឱ្យដំណើរការនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ដោយបន្ថែមទៀតថា វានឹងមានពណ៌មាស ប៉ុន្តែត្រូវបានផលិតពីលោហធាតុធម្មតាប៉ុណ្ណោះ៕​