លោកស្រី Pham Thu Huong ដែលជាភរិយាមហាសេដ្ឋីមានដាច់គេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong បានទិញភាគហ៊ុនចំនួន ៤,៩៧% នៅក្នុងធនាគារ LPBank ដែលជាធនាគារធំជាងគេទីប្រាំពីររបស់ប្រទេសវៀតណាមផ្អែកតាមមូលធនតម្លៃទីផ្សារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ធនាគារ LPBank បានបញ្ជាក់ពីការទិញរបស់លោកស្រី Thu Huong នេះកាលពីថ្ងៃចន្ទកន្លងទៅ ខណៈភាគហ៊ុនទាំងនេះមានតម្លៃប្រហែល ៨ទ្រីលានដុង (៣០៤លានដុល្លារអាមេរិក) ផ្អែកតាមតម្លៃទីផ្សារហ៊ុននាពេលបច្ចុប្បន្ន។
គួរឲ្យឹដងផងដែរថា លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនធំបំផុតរបស់វៀតណាម Vingroup កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅក៏បានទិញភាគហ៊ុន ៤,៨៩% នៅក្នុងធនាគារនេះ ក្នុងតម្លៃ ៦,៧ទ្រីលានដុងផងដែរ។
សរុបមក ប្តីប្រពន្ធមួយគូនេះមានភាគហ៊ុនក្នុងដៃចំនួន ៩,៨៥%។ លោកស្រី Huong បច្ចុប្បន្នកាន់តំែណងជាអនុប្រធានក្រុមហ៊ុន Vingroup គឺជាមហាសេដ្ឋីវៀតណាមម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំងប្រាំពីរនាក់របស់វៀតណាម និងមានទ្រព្យសម្បត្តិសរុបចំនួន ៣,៧ពាន់លានដុល្លារ។ លោក ស្រីឈរលំដាប់ទី៣ បន្ទាប់ពីស្វាមីរបស់លោកស្រី និងលោកស្រី Nguyen Thi Phuong Thao ដែលជាប្រធានក្រុមហ៊ុន Vietjet Air ប៉ុណ្ណោះ៕

