ហ្វីលីពីន ប្រកាសឈប់ដាក់បម្រាមលើការនាំចូលអង្ករនៅឆ្នាំនេះ ដោយសារព្រួយបារម្ភអំពីកង្វះខាត

អន្តរជាតិ

ប្រទេសហ្វីលីពីន បានប្រកាសថាខ្លួននឹងមិនដាក់បម្រាមលើការនាំចូលអង្ករនៅឆ្នាំនេះទេ ខណៈពេលដែលកំពុងត្រៀមខ្លួនសម្រាប់ផលប៉ះពាល់នៃបាតុភូតរាំងស្ងួត El Nino ដែលអាចកាត់បន្ថយការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្មរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា El Nino ដ៏ខ្លាំងក្លាដែលរំពឹងថានឹងកើតឡើងនៅពេលក្រោយនៃឆ្នាំនេះ ដោយវានឹងអាចកាត់បន្ថយទិន្នផលស្រូវរបស់ប្រទេសប្រហែល ៧៥០ ០០០ តោន ដែលបង្កើនហានិភ័យនៃកង្វះខាតការផ្គត់ផ្គង់មុនពេលប្រមូលផលរដូវប្រាំងនៅដើមឆ្នាំ២០២៧ ខាងមុខ ។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរពីឆ្នាំមុន នៅពេលដែលហ្វីលីពីនបានផ្អាកការនាំចូលអង្ករចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីគាំទ្រដល់តម្លៃស្រូវក្នុងស្រុកក្នុងរដូវប្រមូលផលសំខាន់។

យោងតាមកាសែត The Inquirer តម្រូវការអង្កររបស់ប្រទេសហ្វីលីពីនមានចំនួន ១៣,៥៧ លានតោនកាលពីឆ្នាំមុន ដែលខ្ពស់ជាងការផ្គត់ផ្គង់ក្នុងស្រុកចំនួន ១២,៤០ តោន។

លោក Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយថា រដ្ឋាភិបាលមានគោលបំណងរក្សាទុនបម្រុងអង្ករឱ្យបានគ្រប់គ្រាន់មុនពេលប្រមូលផលនៅឆ្នាំបន្ទាប់ ដើម្បីត្រៀមខ្លួនកាន់តែប្រសើរឡើងសម្រាប់កង្វះខាតការផ្គត់ផ្គង់ដែលអាចកើតមាន។

ជម្រាបជូនថា នៅឆ្នាំនេះ គិតត្រឹមថ្ងៃទី៣ ខែសីហា ប្រទេសហ្វីលីពីន បាននាំចូលអង្ករសរុបចំនួន ៣,៣លានតោន។ ហើយដើម្បីកាត់បន្ថយផលប៉ះពាល់នៃការនាំចូលជាបន្តបន្ទាប់លើកសិករដាំដុះស្រូវក្នុងស្រុក រដ្ឋាភិបាលបានណែនាំអាជ្ញាធរស្បៀងអាហារជាតិឱ្យជួយទិញស្រូវចំនួន ៥០០ ០០០ តោនក្នុងអំឡុងពេលប្រមូលផលស្រូវរដូវវស្សានៅឆ្នាំនេះ៕