រដ្ឋ New Mexico បានស្នើសុំឲ្យចៅក្រមបង្គាប់បញ្ជាឲ្យក្រុមហ៊ុន Meta Platforms បង់ប្រាក់ពិន័យចន្លោះពី ៣៥ពាន់លានដុល្លារ ទៅ ៤០ពាន់លានដុល្លារ បន្ទាប់ពីគណៈវិនិច្ឆ័យបានរកឃើញថា ក្រុមហ៊ុននេះបានភូតភរមហាជនអំពីឯកជនភាពនៃទិន្នន័យរបស់ពួកគេនៅលើបណ្តាញសង្គម Facebook ក្នុងរឿងក្តីដែលកើតចេញពីរឿងអាស្រូវ Cambridge Analytica។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

មេធាវីតំណាងឲ្យរដ្ឋ New Mexico បានធ្វើការស្នើសុំនេះនៅក្នុងសវនាការនៃបណ្តឹងមួយ ដែលត្រូវ បានប្តឹងបន្ទាប់ពីមានការទម្លាយព័ត៌មានថា ក្រុមហ៊ុនប្រឹក្សានយោបាយចក្រភពអង់គ្លេស (ដែលធ្លាប់ធ្វើការឱ្យការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ របស់លោក ដូណាល់ ត្រាំ) បានលួចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Facebook រហូតដល់ ៨៧ លាននាក់តាមរយៈកម្មវិធីភាគីទីបីដោយគ្មានការយល់ព្រមពីពួកគេ។
យ៉ាងណាមិញ គណៈវិនិច្ឆ័យបានប្រកាសសេចក្តីសម្រេចពាក់ព័ន្ធនឹងបណ្តឹងនេះ កាលពីថ្ងៃទី២៥ ខែកញ្ញា។ ចៅក្រម លោក Francis Mathew ដែលជាអ្នកមើលការខុសត្រូវលើសវនាការនៅក្រុង Santa Fe នឹងធ្វើការសម្រេចថា តើក្រុមហ៊ុន Meta ត្រូវបង់ប្រាក់ពិន័យជាប្រាក់ចំនួនប៉ុន្មានចំពោះបទចោទប្រកាន់របស់ពួកគេ។
ប៉ុន្តែទោះជាយ៉ាណាក៏ដោយ មេធាវីរបស់ Meta បានអះអាងក្នុងសវនាការថា ការថ្លែងការណ៍ទាំងនោះជាសម្រង់សម្តីដែលត្រូវបានជ្រើសរើសតែមួយផ្នែកប៉ុណ្ណោះ ហើយក្រុមហ៊ុនបានទទួលស្គាល់ជាច្រើនដងថា ការចាត់ចែងរបស់ខ្លួនលើព័ត៌មានមិនពិត ឬបញ្ហាឯកជនភាពគឺមិនល្អឥតខ្ចោះនោះទេ។
ជម្រាបជូនផងដែរថា បច្ចុប្បន្នមេធាវីតំណាងឲ្យក្រុមហ៊ុន Meta និងរដ្ឋ New Mexico បានតវ៉ាគ្នានៅក្នុងសវនាការអំពីទំហំទឹកប្រាក់ពិន័យដែលសមរម្យ ដោយខាង Meta បានអះអាងថា ប្រាក់ពិន័យដែលរដ្ឋកំពុងទាមទារនោះ មិនសមស្របទៅនឹងទង្វើដែលរដ្ឋបានផ្តោតលើក្នុងសវនាការនោះទេ៕

