Tesla គ្រោងចាក់លុយវិនិយោគជាង ៣ពាន់លានដុល្លារ ដើម្បីស្តារឧស្សាហកម្មរថយន្តនៅអាល្លឺម៉ង់

អន្តរជាតិ

ក្រុមហ៊ុន Tesla គ្រោងវិនិយោគទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ ឬប្រមាណ ៣,៣ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្រផលិតរថយន្តរបស់ខ្លួននៅប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងបង្កើនការផលិតរថយន្តតាក់ស៊ីស្វ័យប្រវត្តិ Cybercab ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រុមហ៊ុនមានគម្រោងសាងសង់អគារផលិតកម្មថ្មីមួយនៅរោងចក្រ Gigafactory ក្នុងទីក្រុង Grunheide ជាយក្រុងប៊ែរឡាំង។ គម្រោងនេះអាចធ្វើឱ្យរោងចក្រតែមួយគត់របស់ Tesla នៅអឺរ៉ុប ក្លាយជារោងចក្រផលិតរថយន្តដែលមានសមត្ថភាពផលិតខ្ពស់បំផុតនៅប្រទេសអាល្លឺម៉ង់ និងមានសមត្ថភាពជាងរោងចក្រដ៏ធំរបស់ក្រុមហ៊ុន Volkswagen នៅទីក្រុង Wolfsburg ទៅទៀត។

បច្ចុប្បន្ន Tesla គឺជាក្រុមហ៊ុនផលិតរថយន្តដែលកំពុងមានកំណើនខ្លាំងជាងគេ នៅក្នុងវិស័យផលិតរថយន្តរបស់អាល្លឺម៉ង់។ ផ្ទុយទៅវិញ ក្រុមហ៊ុនផលិតរថយន្តធំៗក្នុងស្រុកដូចជា Volkswagen, Mercedes-Benz និង BMW កំពុងកាត់បន្ថយបុគ្គលិក និងពិចារណាបិទរោងចក្រមួយចំនួន ដោយសារការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនចិន។

យ៉ាងណាមិញ ក្រុមហ៊ុន Tesla បានឱ្យដឹងថា ខ្លួនមានគោលដៅផលិតរថយន្តតាក់ស៊ីស្វ័យប្រវត្តិ Cybercab រហូតដល់ ១ លានគ្រឿងក្នុងមួយឆ្នាំ នៅរោងចក្រ Grunheide នេះ។ តែទោះជាយ៉ាងណា រថយន្តម៉ូដែលនេះមិនទាន់ត្រូវបានផលិត និងដាក់លក់ក្នុងទ្រង់ទ្រាយពាណិជ្ជកម្មធំដុំនៅឡើយទេ។

គួរជម្រាបជូនថា រោងចក្រ Tesla នៅ Grunheide ត្រូវបានបើកដំណើរការកាលពីខែមីនា ឆ្នាំ២០២២។ ហើយនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Tesla បានបង្កើនការផលិតរថយន្ត SUV ម៉ូដែល Model Y នៅរោងចក្រនេះ មិងបានជ្រើសរើសបុគ្គលិកថ្មីៗជាង ២ ០០០ នាក់។ ក្រុមហ៊ុនក៏មានគោលដៅចាប់ផ្តើមផលិតអាគុយ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៧ ទៅផងដែរ៕