Tesla ប្រកាសអំពីការទទួលបានប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់ នៅត្រីមាសទី ៣ ឆ្នាំនេះ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla របស់មហាសេដ្ឋី Elon Musk ថ្មីៗនេះ បានប្រកាសអំពីការកើនឡើងប្រាក់ចំណូលខ្ពស់បំផុត មិនធ្លាប់មាន សម្រាប់ឆមាសទី ៣ បន្ទាប់ពីផលិតកម្មនៅក្នុងរោងចក្រ នៅឯទីក្រុងសៀងហៃ បានកើនឡើង ៣០%។ នេះបើយោងតាមរបាយការណ៍មួយ ចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នៅថ្ងៃព្រហស្បតិ៍នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមួយនេះ បាននិយាយថាទីក្រុងសៀងហៃ គឺជាមជ្ឈមណ្ឌលនាំចេញរថយន្តដ៏សំខាន់បំផុតមួយរបស់ខ្លួន ក្រៅតែពីរោងចក្រនៅទឹកដីអាមេរិកខាងជើង ខណ: Tesla បានបង្ហាញតួលេខ នៃការចែកចាយរថយន្តអគ្គិសនីរបស់ខ្លួន កើនឡើងដល់ ៣៤៣ ៨៣០ គ្រឿង ក្នុងរយ:ពេលបីខែចុងក្រោយ គិតត្រឹមចុងខែកញ្ញា ដែលកើនឡើងពីចំនួន ២៥៤ ៦៩៥ គ្រឿង ដែលខ្លួនបានចាយចែក នៅក្នុងត្រីមាសទី ២ ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបាននិយាយថា ប្រាក់ចំណូលរបស់ Tesla នៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ បានកើនឡើងខ្ពស់ ដល់ ២១,៤៥ ពាន់លានដុល្លារ បើទោះពីជាភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះជាង ៥% ក៏ដោយ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរបស់លោក Musk នៅតែរំពឹងថា ការចែកចាយរបស់រថយន្តរបស់ខ្លួន នឹងទទួលបានអត្រាកំណើនប្រចាំឆ្នើមជាមធ្យម ៥០% នៅឆ្នាំនេះ។ ប៉ុន្តែក្រុមហ៊ុននេះ បានទទួលស្គាល់ផងដែរថា ខ្លួនកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួន ពីការកើនឡើងនៃតម្លៃវត្ថុធាតុដើម រួមទាំងកម្សោយនៃផលិតកម្ម នៅរោងចក្រ Gigafactory របស់ខ្លួន នៅឯទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចំពេលការកើនឡើងថ្លៃនៃប្រាក់ដុល្លារ ក៏កំពុងជះឥទ្ធិពលដល់ការលក់របស់ Tesla នៅបរទេសផងដែរ ៕