ក្រុមហ៊ុនអ្នកមានដាច់គេនៅអាស៊ី គ្រោងបង្កើនបំណុលថ្មី ១០ ពាន់លានដុល្លារនៅឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុន Adani Group បាន​ប្រកាសថា ពួកគេនឹង​ព្យាយាមបង្កើន​បំណុល​ថ្មី​ឲ្យបាន ១០ ពាន់លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ ដើម្បី​ពង្រីក​ខ្លួន​លើ​គម្រោងវិនិយោគ​ធំៗ​ដូចជា គម្រោងការ​បង្កើត​បំពង់បង្ហូរប្រេងជាដើម។ នេះបើតាម​ការចុះផ្សាយពី Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Adani Enterprises Ltd., ក៏បាន​ទម្លាយ​ដែរថា ពួកគេ​កំពុង​ពិចារណា​លក់ចេញ​ភាគហ៊ុន​ថ្មី​ប្រមាណ ២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពីតម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ​នេះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។

តម្លៃ​ហ៊ុន​របស់ Adani Enterprises Ltd., បាន​កើនឡើង​រហូត​ដល់ ១៣៦% បើ​ធៀប​នឹងឆ្នាំទៅ ហើយ​តម្លៃ​មូលធនទីផ្សារ​របស់​ពួកគេ​នា​ពេលនេះ គឺ​មាន​រហូត​ដល់ ៥៦,៣ ពាន់​លាន​ដុល្លារ។

សូមជម្រាបដែរថា មួយ​រយៈកាលចុងក្រោយ អ្នកមានបំផុតនៅអាស៊ី​ម្នាក់នេះ​បាន​ព្យាយាម​ពង្រីកខ្លួន​ជាខ្លាំង​លើ​ពហុវិស័យ​ដូចជា បាន​ចាយ​លុយជាង ១០ ពាន់​លាន​ដុល្លារ​ទិញក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ Holcim Ltd. ដែលជា​កិច្ចចរចា​ធំ​បំផុត​ទី ២ ប្រចាំឆ្នាំ​នៅ​ឥណ្ឌា ហើយ​ក៏​លឺល្ហៀងៗ​ទៀតថា កំពុង​ចរចា​ទិញ​ភាគហ៊ុន​ធំ​នៃ​ក្រុមហ៊ុន​ទូរទស្សន៍​ខ្នាតយក្ស New Delhi Television ទៀតផង៕

72 Shares