បើកទំព័រឆ្នាំថ្មីភ្លាម តម្លៃទីផ្សាររបស់ Apple ធ្លាក់ចុះដល់ក្រោម ២ ទ្រីលានដុល្លារ

អន្តរជាតិ

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះដល់ក្រោម ២ ទ្រីលានដុល្លារ នៅក្នុងការជួញដូរដំបូង កាលពីថ្ងៃអង្គារ ខណ:ការធ្លាក់ចុះនេះកំពុងតែផ្តល់ការព្រួយបារម្ភបន្ថែមទៀត ដល់ក្រុមវិនិយោគិន ជុំវិញកង្វះខាតការផ្គត់ផ្គង់ ដែលកំពុងកើតមាននៅក្នុងប្រទេសចិនរួចស្រេចទៅហើយនោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពី FinancialTime បានបង្ហាញឱ្យដឹងថា នៅដើមឆ្នាំ ២០២៣ នេះ គឺជាការធ្លាក់ចុះខ្លាំងបំផុតមួយ នៅក្នុងទីផ្សារមូលធននីយកម្មរបស់ក្រុមផលិតទូរស័ព្ទ iPhone មួយនេះ ដែលផ្ទុះស្រឡះកាលពីការជូញដូរដំបូង នៅក្នុងឆ្នាំ ២០២២ ដែលបានមើលឃើញថា Apple បានក្លាយជាក្រុមហ៊ុនតែមួយគត់លើលោក ដែលឈានដល់តម្លៃទីផ្សារ ៣ ទ្រីលានដុល្លារ ។

គួរឱ្យដឹងថា តម្លៃភាគហ៊ុន នៅក្នុងក្រុមហ៊ុន Apple បានធ្លាក់ចុះជាង ៣,៥% កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយនេះ បានរុញច្រានភាគហ៊ុនរបស់ពួកគេ ឱ្យធ្លាក់ដល់ចំណុចទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ មក។

តែទោះជាយ៉ាងណាក៏ដោយ តម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃ ១,៩៨ ទ្រីលានដុល្លារ គឺនៅតែបន្តនាំមុខទៅលើក្រុមហ៊ុន Microsoft Corp ដែលមានតម្លៃ ១,៧៨ ទ្រីលានដុល្លារ ។

ជម្រាបជូនផងដែរថា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារ ត្រូវបានចាត់ទុកថាជាដើមហេតុដ៏ធំមួយ ដែលធ្វើឱ្យមានការធ្លាក់ចុះនៅក្នុងទីផ្សារភាគហ៊ុន នៅពេលដែលក្រុមវិនិយោគិន កំពុងព្យាយាមស្វែងរកដំណោះស្រាយ ទាក់ទងជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ច អតិផរណា និងការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុពិភពលោកផងដែរ ៕