តើលោក ពីយ៉ូត ហាហ្វម៉ាញស្គី ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិជានរណា?

អន្តរជាតិ

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺជាអង្គការអន្តររដ្ឋាភិបាល និងជាតុលាការអន្តរជាតិ ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់ មានតួនាទីស៊ើបអង្កេត និងផ្ដន្ទាទោសចំពោះ​បុគ្គល​ដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មធំៗដូចជា បទប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មអន្តរជាតិ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការឈ្លានពានជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន ICC មានលោក ពីយ៉ូត ហាហ្វម៉ាញស្គី (Piotr Hofmański) ជាប្រធានដែលបន្តកាន់​តំណែង​តាំងពីឆ្នាំ ២០២១ ខណៈនេះគឺជាអាណត្តិតំបូងរបស់លោក សម្រាប់ការកាន់​តួនាទី​កំពូល​នៃ​អង្គការអន្តររដ្ឋាភិបាលមួយនេះ។

តើប្រធាន ICC មានប្រវត្តិបែបណាខ្លះ មុននឹងអាចក្លាយជាក្បាលម៉ាស៊ីនស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយនេះ?

លោកហាហ្វម៉ាញស្គី កើតនៅថ្ងៃទី ០៦ មីនា ១៩៥៦ គឺជាមេធាវី និងចៅក្រមជនជាតិប៉ូឡូញ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកច្បាប់ពីសកលវិទ្យាល័យ Nicolaus Copernicus University ក្នុងទីក្រុងទូរីន នាឆ្នាំ ១៩៧៨ និង ១៩៨១។

លោកបានចាប់ផ្ដើមអាជីពផ្នែកតុលាការតំបូងក្នុងឆ្នាំ ១៩៩៤ ជាចៅក្រមនៃសាលាឧទ្ធរណ៍នៅ Białystok និងត្រូវបានតែងតាំងជាចៅក្រម​នៃអង្គជំនុំជម្រះព្រហ្មទណ្ឌ​ នៃតុលាការកំពូលប៉ូឡូញក្នុងឆ្នាំ ១៩៩៦។

ក្រោយមកទៀត លោកក៏បានចូលរួមជាមួយនឹងគម្រោងការជាច្រើន ដែលដឹកនាំដោយគណៈកម្មាការអឺរ៉ុប ក្នុងនាមជាសមាជិក​នៃគណៈកម្មាធិការ​អ្នកជំនាញ​នៃក្រុមប្រឹក្សាអឺរ៉ុប ដែលត្រូវបានគេហៅថា ក្រុមឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍន៍ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងរឿងឧក្រិដ្ឋកម្មពីឆ្នាំ ២០០១ ដល់ ២០០២។

បន្ទាប់មក លោកក៏ត្រូវបានតែងតាំងជាសមាជិកនៃគណៈកម្មការអ្នកជំនាញយុត្តិធម៌ឆ្លងប្រទេស ដែលបង្កើតឡើងដើម្បីបន្តការងារដល់ក្រុមឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍន៍ ដែលមានអាណត្តិពីឆ្នាំ ២០០៤ ដល់ ២០០៦។

នៅខែធ្នូ ២០១៤ លោកត្រូវបានជ្រើសតាំងជាចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់អាណត្តិពីឆ្នាំ ២០១៥-២០២៤ និងជាបុគ្គលដំបូងមកពីប្រទេសប៉ូឡូញ ដែលទទួលបាន​ការ​តែងតាំងមួយនេះ។

លុះដល់ខែមីនា ២០២១ លោកក៏ត្រូវបាន​ជាប់ឈ្មោះជាប្រធាននៃស្ថាប័ន ICC សម្រាប់អាណត្តិ ២០២១-២០២៤ ហើយចៅក្រមបទពិសោធន៍ពេញខ្លួនម្នាក់នេះក៏ជំនាញលើភាសាអន្តរជាតិផង​ដែរ ពោលលោកអាចនិយាយយ៉ាងស្ទាត់ជំនាញសម្រាប់ភាសាប៉ូឡូញ អង់គ្លេស និងអាល្លឺម៉ង់។

សូមជម្រាបដែរថា លោក ហាហ្វម៉ាញស្គី ក៏ជាអ្នកនិពន្ធ និងសហអ្នកនិពន្ធសៀវភៅច្រើនជាង ៣០០ ក្បាលដែលបានបោះពុម្ពផ្សាយ ទាក់ទងនឹងទិដ្ឋភាពផ្សេងៗនៃច្បាប់ និងនីតិវិធីព្រហ្មទណ្ឌ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងរឿងព្រហ្មទណ្ឌ និងការការពារសិទ្ធិមនុស្ស ហើយការបោះពុម្ពរបស់គាត់ភាគច្រើនត្រូវបានសរសេរ និងបោះពុម្ពជាភាសាអាល្លឺម៉ង់ និងភាសាអង់គ្លេស៕