ឧកញ៉ា ហេង ឡុង និងឧកញ៉ា សៅ វលក្ខណ៍ ទទួលបានគ្រឿងឥស្សរិយយស «សុវត្ថារា» ថ្នាក់មហាសេនា

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានប្រោសព្រះរាជទានគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃ និងសប្បុរសជន ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រៃវែង ចំនួន ១៥រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២៤/៨៨៣ ព្រះមហាក្សត្របានប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «សុវត្ថារា» ថ្នាក់មហាសេនា ដល់សប្បុរសជនចំនួន ៨រូប ក្នុងនោះរួមមានទាំង ឯកឧត្តមបណ្ឌិត ងិន បាណាល់ កូនប្រសាររបស់អ្នកឧកញ៉ា សុខ គង់, ឧកញ៉ា ហេង ឡុង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ និងឧកញ៉ា សៅ វលក្ខណ៍ អគ្គនាយកក្រុមហ៊ុន ខេមភូរ៉ា និង សាលាមីគីវ៉េ ផងដែរ។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ និងលោកឧកញ៉ា ហេង ឡុង អនុប្រធាន ជានិច្ចកាលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសមិទ្ធផលនានា នៅក្នុងមូលដ្ឋានក្នុងខេត្តព្រៃវែង។ ជាក់ស្តែង ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា ពុទ្ធាភិសេក និងសមិទ្ធផលនានាក្នុងវត្តព្រះវិហារគុហ៍ ស្ថិតនៅភូមិរោងដំរី ស្រុកបាភ្នំ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងាររបស់លោកទាំងពីរ ក៏បានចូលរួមបច្ច័យចូលបុណ្យប្រមាណជាង ១០លានរៀលផងដែរ។

សូមជម្រាបថា មេដាយ «សុវត្ថារា» ជាគ្រឿងឥស្សរិយយសប្រភេទចម្រុះ សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃ និងគុណបំណាច់ខ្ពង់ខ្ពស់ក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ច។ មេដាយនេះ មាន៥ថ្នាក់គឺ ថ្នាក់អស្សឫទ្ធិ សេនា ធិបឌិន្ទ (ផ្តល់ជូនដោយអនុក្រឹត្យ) និងថ្នាក់មហាសេនា មហាសេរីវឌ្ឍន៍ (ផ្តល់ជូនដោយព្រះរាជក្រឹត្យ)៕