ចម្រៀង ៤បទ មិនត្រឹមបង្ហាញពីជីវិតពិតសម្តេចតេជោ តែក៏ឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដ៏វឹកវរបំផុតរបស់ខ្មែរ 

ជុំវិញ​ឧកញ៉ា

កម្រងចម្រៀងដកស្រង់ចេញពីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជាដំណើរជីវិតតស៊ូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញហេតុការណ៍ និងឧបសគ្គ ដែលសម្តេចទាំងពីរជួបប្រទះ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏បានផ្សារភ្ជាប់ទៅនឹងព្រឹត្តការណ៍ដ៏វឹកវរនៅកម្ពុជា អំឡុងឆ្នាំ១៩៧០-១៩៧៩ មុនសម្តេចតេជោស្វែងរកពន្លឺនៃសន្តិភាព និងស្ថិរភាពបានសម្រាប់សព្វថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើរំលឹកដល់ចំណុចចាប់ផ្តើមដែលរុញច្រានកម្ពុជាធ្លាក់ចូលក្នុងរបបយ៉ង់ឃ្នងខ្មែរក្រហម ពោលគឺការធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណាព្រះបាទ នរោត្តម សីហនុ (១៨មីនា ឆ្នាំ១៩៧០) របស់សេនាប្រមុខ លន់ នល់ បង្កជាការខឹងសម្បារដល់រាស្ត្រខ្មែររាប់លាននាក់។ ដូច្នេះហើយ ក្រោមហេតុផលចង់ដណ្តើមអំណាចជូនបិតាឯករាជ្យវិញ យុវជនយុវនារីរួបរួមគ្នាដើម្បីកសាងកម្លាំងប្រឆាំងនឹងរបប លន់ នល់ ។ ជាក់ស្តែង ក្នុងចម្រៀងបទ “កូនលាចូលព្រៃម៉ាគី” ដែលដកស្រង់ពីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ក៏បានឆ្លុះបញ្ចាំងនូវទិដ្ឋភាយគ្រានោះផងដែរ។

រាប់ចាប់ពីដំណើរជិវិតសម្តេចតេជោ ក្នុងនាមជាយុទ្ធជនតស៊ូដើម្បីជាតិ ក៏បានបង្ហាញនូវសង្គមកម្ពុជាដែលអស្ថិរភាព មានទាំងវត្តមានទ័ពអាធីវគី (Athivky) ព្រមនិងការទម្លាក់គ្រាប់បែកពីសំណាក់ទាហានអាមេរិក។ តួយ៉ាងតាមរយៈបទ “ខកខានថ្ងៃមង្គលការបងប្រុសទាំងពីរ” និងបទ “មរណៈភាពប្អូនស្រីធាវី” ដ្បិតជាចម្រៀងបង្ហាញពីការសោកស្តាយរបស់សម្តេចតេជោ ដែលខកខានពុំបានចូលរួមមង្គលការបងប្រុសទាំងពីរ ក៏ដូចជាស្រណោះការបាត់ជិវិតប្អូនស្រីម្នាក់។ ខណៈកាលណោះ ខ្មែរក៏កំពុងរងទុក្ខដោយសារទាហានអាមេរិក ដែលតែងទម្លាក់គ្រាប់បង្កភាពភិតភ័យដល់អ្នកភូមិស្រុក ខណៈថែមទាំងបានឆក់យកអាយុជីវិតរាស្ត្រស្លូតត្រង់ទៀតផង។

ឆ្នាំ១៩៧៥ ដ្បិតក្តីប្រាថ្នាដែលចង់ផ្តួលរំលំរបប លន់ នល់ របស់ក្រុមចលនាតស៊ូបានសម្រេចក៏ពិតមែន ប៉ុន្តែជ័យជំនះនៅគ្រានោះ បានប្តូរមកវិញនៅរបបសាហាវយង់ឃ្នងបំផុត។ រាស្ត្រខ្មែរទូទាំងប្រទេស រួមនិងក្រុមចលនាតស៊ូ ក៏ត្រូងរងទុក្ខផងដែរ។

តាមរយៈបទ “មេបញ្ជាការសំរេចមានគំនិតប្រឆាំងអង្គការ” បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវតថភាពដ៏ស្មុគស្មាញ និងគ្រោះថ្នាក់ក្នុងកងពល ខណៈកើតមានការចោទប្រកាន់ ទម្លាក់កំហុស ចោទទាំងរាស្ត្រខ្មែរ ក៏ដូចជាសមាជិកកម្មាភិបាលនៃរបបនោះជា CIA ដើម្បីជាហេតុផលដើម្បីសម្លាប់ចោលទៀតផង។

កម្រងចម្រៀងដកស្រង់ពីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ខាងលើនេះ គឺស្ថិតក្រោមការនិពន្ធទំនុកច្រៀង និងភ្លេង ដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងចំណោមបទចម្រៀងដែលមានទាំងលំនាំបទដើម និងមេឡូឌីថ្មី ប្រហែលជាជិត ២០០បទ។ ខណៈជំហានដំបូង ក្នុងការផលិតចម្រៀងផ្លូវការនៃខ្សែជីវិតពិតរបស់សម្តេចទាំងពីរ ១អាល់ប៊ុម នឹងមានប្រហែលចន្លោះពី ៨ Vol ទៅ ១០Vol ដែលក្នុង Vol នីមួយៗ នឹងមាន ១០បទ សរុបប្រហែលចន្លោះពី ៨០ បទទៅ ១០០បទ ក្នុងមួយអាល់ប៊ុម៕