លោកអ្នកឧញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានគោរពស្នើសុំសម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់ គោរមងារឧកញ៉ា ពី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya។

លិខិតសមាគមឧកញ៉ាកម្ពុជា ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងនាមសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មានកិត្តិយសសូមគោរព ជម្រាបជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា សមាគមឧកញ៉ាកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ចំពោះព័ត៌មាន និងការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន (ហៅ Love Riya) ដែលមានគោរមងារជា “ឧកញ៉ា” ។
ដោយផ្អែកលើព័ត៌មាន និងការផ្សព្វផ្សាយទាំងនោះ សបញ្ជាក់ឱ្យឃើញថាសកម្មភាពរបស់បុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន គឺពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងគុណតម្លៃរបស់គោរមវន្ត ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកចិត្តវរកងទ័ព កំពុងទប់ទល់យ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន ដែលនាំឱ្យមានការបែកបាក់សាមគ្គីនៃមហាគ្រួសារខ្មែរ និងការលះបង់គ្រប់បែបយ៉ាងរបស់វរកងទ័ពយើងយ៉ាងពិតប្រាកដ។
ដូច្នេះផ្អែកតាមមាត្រា១៨ នៃព្រះរាជក្រឹត្យ និងមាត្រា២២ នៃអនុក្រឹត្យ ដែលយោងខាងលើ សមាគមឧកញ៉ាកម្ពុជា សូមគោរពស្នើសុំ សម្តេចធិបតី មេត្តាក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រាស់បង្គាប់បញ្ចប់គោរមងារជា “ឧកញ៉ា” ពីបុគ្គលឈ្មោះ ឆេង ស្រីរ័ត្ន ក្នុងពេលវេលាសមគួរបំផុតរបស់សម្តេចធិបតី។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃស្នងការនគរបាលខេត្តកណ្តាល បានចុះឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បីឈ្មោះគឺ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅក្នុងភូមិគ្រឹះផ្ទាល់ខ្លួន ស្ថិតក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល៕




