នៅក្នុងបរិបទដែលការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងកើនឡើងយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា VET Charging Station ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានប្រកាសពីការនាំចូល និងដំឡើងឧបករណ៍សាកថ្ម EV រាប់រយគ្រឿងបន្ថែម ក្នុងគោលបំណងពង្រីកបណ្ដាញស្ថានីយសាកថ្មឲ្យទូលំទូលាយ និងងាយស្រួលប្រើប្រាស់ជាងមុន។

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ថ្លៃប្រាប់ Oknha News ថា៖ គម្រោងពង្រីកនេះ នឹងផ្ដោតលើទាំងតំបន់ទីក្រុង និងតាមបណ្ដាខេត្តសំខាន់ៗទូទាំងប្រទេស ដើម្បីធានាថាអ្នកបើកបរ EV អាចធ្វើដំណើរបានដោយភាពទុកចិត្ត និងមានភាពងាយស្រួលក្នុងការសាកថ្មគ្រប់ទីកន្លែង។
VET Charger ត្រូវបានរចនាឡើងដោយផ្អែកលើបច្ចេកវិទ្យាទំនើប ដែលផ្តល់នូវល្បឿនសាកលឿន កម្រិតសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការប្រើប្រាស់ សមស្របសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់សម័យថ្មី។

ក្រៅពីការផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់ឡានអគ្គិសនី ការពង្រីកស្ថានីយ VET Charging Station ក៏ជាឱកាសសំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងដៃគូរពាណិជ្ជកម្ម ដើម្បីចូលរួមក្នុងវិស័យថាមពលស្អាតដែលកំពុងមានសក្ដានុពលខ្ពស់ តាមរយៈការដំឡើងស្ថានីយសាកថ្ម EV នៅតាមទីតាំងអាជីវកម្ម ដូចជា ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងស្ថានីយ៍ប្រេងឥន្ធនៈ ម្ចាស់អាជីវកម្មអាចបង្កើនចំណូលបន្ថែម និងទាក់ទាញអតិថិជនថ្មីៗបានយ៉ាងមានប្រសិទ្ធភាព
ជាមួយនឹងចក្ខុវិស័យក្នុងការចូលរួមអភិវឌ្ឍន៍បរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត VET Charging Station ប្តេជ្ញាចិត្តក្នុងការផ្តល់បទពិសោធន៍សាកថ្មដែលមានគុណភាព និងទំនើបបំផុតសម្រាប់អ្នកប្រើប្រាស់ឡានអគ្គិសនីនៅកម្ពុជា៕














