ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ រឿងដំបូងដែលដាច់ខាតត្រូវធ្វើ គឺបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី វិមានសំណាង

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានបង្ហើបឱ្យដឹងថា រឿងដែល​ដាច់ខាត​ត្រូវធ្វើបន្ទាប់ពីទទួលបានថវិកាពីទីផ្សារភាគហ៊ុន គឺក្រុមហ៊ុនរបស់លោក នឹងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី វិមានសំណាង ដោយប្រើរយៈពេល ១ឆ្នាំពេញ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែតុលា ឆ្នាំ២០២៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងបែបនេះថា៖ “លុយលក់ភាគហ៊ុន គឺយើងរំពឹងថានឹងទទួលបាន ១០លានដុល្លារ ប៉ុន្តែជាក់ស្តែងយើងមិនដឹងថាទទួលបានចំនួន​ប៉ុន្មាននោះទេ។ យើងអាចបាន ១០លាន ៩លាន ៨លាន ឬ៧លានដុល្លារ ក៏យើងមិនទាន់ដឹង ប៉ុន្តែយើងព្យាយាម​ឱ្យទទួលបាន ១០លានដុល្លារ ហើយការងារដំបូងដែលយើងដាច់ខាតត្រូវតែធ្វើគឺ យើងត្រូវតែធ្វើឱ្យចប់ហេដ្ឋារចនា​សម្ព័ន្ធនៅក្នុង បុរី វិមានសំណាង។ បុរី វិមានសំណាង មានដីទំហំ ២៥ហិកតា យើងចាប់ផ្តើមលក់ទំហំ ១០ហិកតា ហើយ​យើងកំពុងសាងសង់ផ្ទះជាច្រើន ភ្ញៀវកំពុងចូលស្នាក់នៅបណ្តើរៗ ហេដ្ឋារចនាសម្ព័ន្ធយើងក៏មានខ្លះ ស្ទើរខ្លះ”។

“ដូច្នេះបានជាខ្ញុំគិតថា នៅខែតុលា ឆ្នាំ២០២៦ ដល់ខែតុលា ឆ្នាំ២០២៧ រយៈពេល១ឆ្នាំពេញ គឺខ្ញុំ​នឹង​យក​លុយពីផ្សារភាគហ៊ុន​ប្រមាណ ៣លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ លូ ទឹក ភ្លើង សួនច្បារ មាត់ព្រែក និងមានគ្រប់យ៉ាងនៅក្នុងបុរីទាំង ២៥ហិកតា។ នៅពេលបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធរួច ពេល​ភ្ញៀវ​ចូលមក គឺពេញចិត្តនិងមានគ្រប់យ៉ាងតែម្តង។ បច្ចុប្បន្ននេះមានពាក្យមួយអតិថិជននិយាយថា ម៉ូដផ្ទះបុរី វិមានសំណាង​ ល្អស្អាតតែម្តង ដូចនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ប៉ុន្តែនៅស្ទើរមួយចំនួន ហើយខ្ញុំក៏ដឹងថា​ស្ទើរ​កន្លែងណាដែរ ប៉ុន្តែយើងមិនអាចធ្វើតាមចិត្តនោះទេ គឺយើងធ្វើទៅតាមផែនការ”។ លោកឧកញ៉ាបណ្ឌិត បានបញ្ជាក់​បន្ថែម។

សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាស​ដាក់លក់​ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោក​អ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទង​ទៅលោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល៕