លោក ចម ប្រសិទ្ធ ចង់ឃើញឧបករណ៍ទំនើបៗនិងមនុស្សយន្តជាច្រើនតំាងបង្ហាញក្នុងទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍

សង្គម​និង​សេដ្ឋកិច្ច

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍លើកទី១ បានធ្វើឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងឧស្សាហកម្មចង់ឃើញឧបករណ៍ទំនើបៗនិងមនុស្សយន្តជាច្រើនយកមកដាក់តំាងបង្ហាញដើម្បីបង្កើនការការទាក់ទាញពីមហាជនចូលរួមទស្សនាកាន់តែច្រើនពិសេសផ្តល់ឱកាសដល់សិស្សនិស្សិតស្វែងពីការវិវឌ្ឍនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍លើកទី១​ កាលថ្ងៃទី២៦មីនាឆ្នំា២០២៣ លោក បណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ មានប្រសាសន៍ថា គំនិតនៃការៀបចំពិព័រណ៍នេះក្រសួងប្រើពេលវេលាមួយខែ ដែលជាទូទៅការរៀបចំធ្វើពិពរណ៍នីមួយៗត្រៀមពេល១ឆ្នំា ប៉ុន្តែក្រសួងជាប់នៅមានបទពិសោធន៍ខ្លះពីក្រសួងពាណិជ្ជកម្មធ្លាប់ចេញទៅចូលរួមពិពរណ៍អន្តរជាតិផ្សេងៗ។

លោកបន្តថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍លើកទី១នេះ យើងប្រើពេលតែមួយខែសម្រាប់រៀបចំ ហើយមានស្តង់ឬក្រុមហ៊ុនចូលរួមប្រមាណ២៥៦ស្តង់នេះខ្ញុំយល់ថាល្បឿនដែលយើងរៀបចំធ្វើឡើងនេះមិនចាស់គេនោះទេ ហើយពិពរណ៍នេះបានពេញទៅដោយឧបករណ៍តាំងបង្ហាញគ្រប់គ្រាន់។ ក៏ប៉ុន្តែមិនទាន់ជាការពេញចិត្ត ពីព្រោះខ្ញុំចង់ឃើញពិពរណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានវានុវត្តន៍ត្រូវមានឧបករណ៍ទំនើបៗបំផុតយកមកដាក់តាំងថែមទៀត។

លោក ចម​ ប្រសិទ្ធិ គូសបញ្ជាក់ថា «នៅកន្លែងដាក់តំាងបង្ហាញផលិតផលឬឧបករណ៍នេះត្រូវមានមនុស្សយន្តដើរច្រើន ហើយអ្នកចូលរួមអាចទៅសាកសួរឬនិយាយាជាមួយមនុស្សយន្តទំាងនោះបានដើម្បីទាកទាញឱ្យមនុស្សចូលរួមទស្សនាច្រើន តែយើងធ្វើមិនទាន់។តែទោះជាយ៉ាងនេះក្តីយើងចាត់ទុកជាការជោគជ័យមួយដ៏ធំសម្រាប់ក្រសួង»។

យោងតាមលោក ចម ប្រសិទ្ធិ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍២០២០-២០៣០ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ របៀបវារៈស្រាវជ្រាវជាតិ ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗត្រូវបានបង្កើតឡើងដូចជា បច្ចេកវិទ្យាកសិកម្មបច្ចេកវិទ្យាអប់រំបច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័តរួចរាល់ ព្រមទាំងបណ្តាផែនទីបង្ហាញផ្លូវមួយចំនួនទៀតដែលបានបញ្ចប់សេចក្តីព្រាងរួចរាល់ ដូចជា បច្ចេកវិទ្យាថាមពល បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល)ដើម្បីជាត្រីវិស័យមិនអាចខ្វះបាន សម្រាប់ការអនុវត្តរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ៕ អត្ថបទ៖សារេត