ក្រសួងកសិកម្ម ប្តេជ្ញាបង្កើនកិច្ចសហការ និងការវិនិយោគ ដើម្បីប្រែក្លាយកម្ពុជាជាអធិរាជចន្ទីនាពេលអនាគត

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំបង្កើនការវិនិយោគក្នុងវិស័យកសិកម្ម ដើម្បីជំរុញការនាំចេញកសិផលកម្ពុជា ពិសេសដើម្បីប្រែក្លាយកម្ពុជាជាអធិរាជចន្ទីនាពេលអនាគតថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងថ្លៃងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា ស្របតាមការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងកសិកម្មបានលើកផែនការអទិភាពចំនួន០៣សំខាន់ៗ ដែលផែនការអទិភាពទីបី គឺអនុវត្តគោលនយោបាយជាតិស្តីពីចន្ទី។

ជាមួយគ្នានេះ លោក  ឌិត ទីណា ក៏បានប្តាជ្ញាយ៉ាងមោះមុតសហការជិតស្និតជាមួយអង្គភាពពាក់ព័ន្ធ ទាំងអស់ដូចជាសមាគមន៍ និងសហព័ន្ធស្វាយចន្ទីកម្ពុជា ក្រសួងពាណិជ្ជកម្ម និងធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើយ៉ាងណាអាចសម្រេចគោលដៅនេះឱ្យខានតែបាន ដើម្បីប្រែក្លាយកម្ពុជាជាអធិរាជចន្ទីនាពេលអនាគតផងដែរ។

ដោយលោកបានបញ្ជាក់ដូច្នេះថា៖ «បច្ចុប្បន្ននេះ វិសាលភាពផ្ទៃដីដាំដុះស្វាយចន្ទីមានការកើនឡើងជាលំដាប់ ស្របពេលតម្រូវការទីផ្សាកំពុងមានសន្ទុះ កម្ពុជាបាននឹងកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនជាងមុនផងដែរ។ ទោះបីជាយ៉ាងណា កម្ពុជាមានធនធានកែច្នៃគ្រាប់ស្វាយចន្ទីនៅមានកម្រិតនៅឡើយដែលភាគច្រើនការនាំចេញស្វាយចន្ទីមានទំរង់ជាគ្រាប់ស្រស់ ដែលចាំបាច់ទាមទារឱ្យមានការចូលរួមវិនិយោគពីដៃគូសហការនានា»។

លើសពីនេះទៀត លោកថា ក្រសួងកសិកម្ម ក៏កំពុងធ្វើការសិក្សាវាយតម្លៃរាល់សក្តានុពលដែលមានស្រាប់ក្នុងវិស័យកសិកម្មនិងរៀបចំផែនការអភិវឌ្ឍន៍ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចក្នុងគោលបំណងទាក់ទាញនិងបង្កើនការវិនិយោគក្នុងវិស័យកសិកម្ម និងជំរុញការនាំចេញកសិផលដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារចិន និងអន្តរជាតិថែមទៀត។

គួរបញ្ជាក់ដែរថា កម្ពុជាបាននឹងកំពុងផលិតស្វាយចន្ទីមានគុណភាពប្រគួតប្រជែងនៅទីផ្សារជាតិ និងអន្តរជាតិដែលបានធ្វើការនាំចេញកើនឡើងជាបន្តបន្ទាប់ បើទោះបីជាស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីត១៩ និងតម្រូវការផលិតផលកសិកម្មនាំចេញមានការថយចុះយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថាស្វាយចន្ទីនៅតែជាដំណាំឧហ្សាហកម្មនាំចេញលំដាប់ទី០៣ បន្ទាប់ពីស្រូវ និងដំឡូងមី។ នេះបើយោងតាមរបាយការណ៍សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល០២ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ១១៤ ១៩៣,៩៣តោន ទៅកាន់ប្រទេសចំនួន០៤ គឺប្រទេសវៀតណាម (១១៤ ១៤០,៥៣តោន) ប្រទេសជប៉ុន(២៧តោន) ប្រទេសថៃ(២០តោន) និងប្រទេសកូរ៉េ (៦,៤០តោន)៕ អត្ថបទ៖ ពិសី